យុវជនជាង ៦០០នាក់ បានចុះឈ្មោះរៀនជំនាញ នៅវិទ្យាស្ថានបច្ចេកទេស ខេត្តកំពត

(ភ្នំពេញ)៖ លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសភូមិភាគ តេជោសែន បានលើកឡើង នៅថ្ងៃ១០ មករា ២០២៤ ថា វិទ្យាស្ថាន បានត្រៀម ខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាល ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថាន បានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៦២៨នាក់ លើជំនាញចំនួន ៧ មានដូចជា ការងារកំបោរ ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មកុំព្យូទ័រ និងការកែច្នៃបន្លែផ្លែឈើ។

លោកបន្តថា វិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគតេជោសែន នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថិភាពផងដែរ។

លោកបន្ថែមថា ជំនាញទាំងអស់របស់វិទ្យាស្ថាន ជាជំនាញដែលសិស្សមានការងារធ្វើល្អសមរម្យ និងទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ការសិក្សានៅទីនេះ។

គូរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner