សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រធានាធិបតីបារាំង គាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី នៅឆ្នាំ២០២៦
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការដាក់បេក្ខជនរួចហើយ ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី នៅឆ្នាំ២០២៦ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០២៦ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី ដើម្បីពង្រីកទំនាក់ទំនងលើឆាកអន្តរជាតិ។ សម្ដេច បន្ថែមថា កម្ពុជាទទួលបានការគាំទ្រពីប្រធានាធិបតីបារាំង ចង់ឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយបារាំង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ព័ត៌មានល្អមួយរបស់កម្ពុជា នៅឆ្នាំ២០២៦ យើងនឹងធ្វើជាម្ចាស់ផ្ទះ ឥឡូវយើងកំពុងតែដាក់ពាក្យធ្វើជាបេក្ខជន ធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រជុំកំពូលហ្វ្រង់ហ្វូកូនី ប្រទេសហ្វ្រង់ហ្វូកូនី ហើយប្រធានាធិបតីបារាំង ម៉ាក្រុង គាត់បានផ្ដល់ការគាំទ្រដំបូង ចឹងជាមោទនភាពរបស់យើងក្នុងនាមប្រទេសហ្វ្រង់ហ្វូកូនីនៅតំបន់អាស៊ីអាគ្នេយ៍ ហ្វ្រង់ហ្វូកូនី មានមិនច្រើនទេ មានយើង មានឡាវ មានវៀតណាម ក្នុងនោះកម្ពុជានៅសកម្ម» ។
សម្ដេចធិបតីថ្លែងថា កម្ពុជា ត្រូវបន្តពង្រីកបន្ថែមទៀតលើ ទំនាក់ទំនងផ្នែកសន្តិសុខ ទំនាក់ទំនងផ្នែកការទូត ទំនាក់ទំនងផ្នែកវប្បធម៌ ទំនាក់ទំនងផ្នែកផ្សេងៗគឺសំដៅទៅលើការលើកកម្ពស់នៃឱកាស នៃទំនាក់ទំនងរវាងប្រទេសនឹងប្រទេស៕
អត្ថបទ៖ វណ្ណលុក




