ប្រធាន IMF៖ បញ្ញាសិប្បនិម្មិតប៉ះពាល់ការងាររបស់មនុស្ស តែជាឱកាសដ៏អស្ចារ្យសម្រាប់សេដ្ឋកិច្ចពិភពលោក
បរទេស៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានមានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត ឬ AI គឺជាហានិភ័យក្នុងវិស័យការងាររបស់មនុស្ស ក៏ប៉ុន្តែ AI គឺជាឱកាសដ៏អស្ចារ្យ សម្រាប់សេដ្ឋកិច្ចពិភពលោក។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ AFP កាលពីថ្ងៃទី១៤ ខែមករា លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បាននិយាយថា បើទោះបីជា AI មានហានិភ័យដល់សន្តិសុខការងារ នៅជុំវិញពិភពលោក ប៉ុន្តែ វាគឺជា «ឱកាសដ៏អស្ចារ្យ» ផងដែរ ក្នុងការជំរុញកម្រិតផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។
លោកស្រី Kristalina Georgieva បានលើកឡើងបែបនេះ មុនពេលលោកស្រីត្រូវអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ នៅឯទីក្រុង Davos ប្រទេសស្វីស នាពេលដ៏ខ្លីខាងមុខនេះ។
លោកស្រីបានមានប្រសាសន៍ថា AI នឹងប៉ះពាល់ដល់ការងារ ៦០ ភាគរយ នៅក្នុងសេដ្ឋកិច្ច ជឿនលឿន។ លោកស្រីបានលើកឡើងពីរបាយការណ៍ថ្មីមួយរបស់ IMF។ លោកស្រីបញ្ជាក់ទៀតថា ដោយសារតែ AI រំពឹងថា នឹងមានប្រសិទ្ធភាពតិច ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះប្រហែល៤០ភាគរយនៃការងារនៅទូទាំងពិភពលោក ទំនងជាទទួលរងផលប៉ះពាល់។
លោកស្រីបានបន្ថែមថា «ហើយអ្នកកាន់តែមានការងារជំនាញកាន់តែខ្ពស់ ឥទ្ធិពលកាន់តែខ្ពស់»។
របាយការណ៍របស់ IMF ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យ ចុងសប្តាហ៍ បានកត់សម្គាល់ថា មានតែពាក់កណ្តាលនៃការងារដែលរងផលប៉ះពាល់ដោយ AI ប៉ុណ្ណោះ ដែលនឹងរងផលប៉ះពាល់អវិជ្ជមាន។ នៅសល់អាចទទួលបានអត្ថប្រយោជន៍ ពីការបង្កើនផលិតភាពដោយសារតែ AI ។
លោកស្រី Georgieva បាននិយាយថា «បញ្ញាសិប្បនិម្មិតអាចបង្កើនការងាររបស់អ្នក ដូច្នេះ អ្នកនឹងកាន់តែមានផលិតភាព ហើយកម្រិតប្រាក់ចំណូលរបស់អ្នកអាចនឹងកើនឡើង»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
