និស្សិត ២៣៤នាក់ នៅសៀមរាប ទទួលបានចំណេះដឹង ស្តីពី «សុខភាពបន្តពូជ, ជំងឺមហារីកមាត់ស្បូន, សុខភាពមាតា ទារក និងកុមារ, និងការថែទាំសុខភាពបឋម»

(សៀមរាប)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «សុខភាពបន្តពូជ, ជំងឺមហារីកមាត់ស្បូន, សុខភាពមាតា ទារក និងកុមារ, និងការថែទាំសុខភាពបឋម» ជូនដល់និស្សិតចំនួន ២៣៤នាក់ នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ។

លោកជំទាវ មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងខ្លឹមសារ នៃប្រធានបទខាងលើ ដោយក្នុងនោះ លោកជំទាវ បានលើកឡើងអំពី ៖ ស្ថានភាពសុខភាពបន្តពូជ ឆ្នាំ២០២២, ស្ថានភាពសុខភាពមាតាទារក និងកុមារនៅក្នុងប្រទេសកម្ពុជា, សកម្មភាពសំខាន់ៗរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ចំណេះដឹងជាមូលដ្ឋានអំពីសុខភាពបន្តពូជ, មូលហេតុដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ រោគសញ្ញា រួមជាមួយវិធីបង្ការជំងឺខាងលើនេះ។ ជាមួយគ្នានេះ លោកជំទាវ បានលើកឡើងអំពី ៖ សុខភាពបន្តពូជនិងការពន្យារកំណើត, អត្ថប្រយោជន៍នៃការពិនិត្យសុខភាពមុនពេលរៀបការ, ការថែទាំសុខភាពស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ, ការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដងមុនពេលសម្រាល, ការបរិភោគអាហារបំប៉នដែលម្តាយត្រូវបរិភោគក្នុងពេលមានគភ៌, ការថែទាំខ្លួន និងសញ្ញាគ្រោះថ្នាក់នានាក្នុងពេលមានគភ៌, ការបង្ការមេរោគអេដស៍ពីម្តាយទៅកូន, ការទៅសម្រាលកូននៅមណ្ឌលសុខភាព, ការចាក់វ៉ាក់សាំងបង្ការដល់កុមារ និងការផ្តល់អាហារូបត្ថម្ភដល់កុមារជាដើម។ បន្ថែមពីនេះ លោកជំទាវ បានលើកឡើងអំពី ស្ថានភាពបច្ចុប្បន្ននៃមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ រួមជាមួយការថែទាំសុខភាពបឋមផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកនៃសាកលវិទ្យាល័យអង្គរ ដែលបានជួយសម្របសម្រួលដល់និស្សិតបានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនាថ្ងៃនេះ និងកោតសរសើរចំពោះសាកលវិទ្យាល័យដែលតែងតែរៀបចំកម្មវិធីផ្សេងៗសម្រាប់ដល់និស្សិតក្នុងការចុះធ្វើសកម្មភាពក្នុងសង្គម និងតាមសហគមន៍នានា។

លោកជំទាវ បានគូសបញ្ជាក់ពីការងារអាទិភាពលើការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ជួរនិស្សិត និងយុវជន ពាក់ព័ន្ធទៅនឹងមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និង កាមរោគ, សុខភាព មាតាទារក និងកុមារ ដើម្បីឆ្លើយតបទៅនឹងគោរមងារដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ។ ជាក់ស្តែង សកម្មភាពនៃការចុះអប់រំផ្សព្វផ្សាយនាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់និស្សិត ស្តីពី «សុខភាពបន្តពូជ, ជំងឺមហារីកមាត់ស្បូន, សុខភាពមាតា ទារក និងកុមារ, និងការថែទាំសុខភាពបឋម» និងជាផ្នែកមួយនៃការឈានឆ្ពោះការប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ខាងមុខនេះផងដែរ។

លោកជំទាវ មានការជឿជាក់ថា ចំណេះដឹងដែលបានផ្តល់ជូនក្មួយៗនិស្សិតនាពេលនេះ ពិតជាមានគុណតម្លៃ ហើយក្មួយៗនិស្សិតទាំងអស់នឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត និងក្រុមគ្រួសាររបស់ខ្លួន ព្រោះថា ការយល់ដឹង និងការរួមចំណែកផ្សព្វផ្សាយបន្តរបស់ក្មួយៗគឺការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានជោគជ័យផងដែរ ព្រោះក្មួយៗនិស្សិតទាំងអស់ ជាធនធានមនុស្ស ដែលមានទាំងសមត្ថភាព ជំនាញ បំនិនជីវិត និងមានសុខភាពល្អ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner