សម្តេចតេជោ ហ៊ុន សែន ឈរឈ្មោះជាប្រធានព្រឹទ្ធសភា ក្នុងអាណត្តិទី៥

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះជាប្រធានព្រឹទ្ធសភា ក្នុងអាណត្តិទី៥នេះ។ នេះបើយោងតាមឆាណែលតាឡេក្រាមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

តាមឆាណែលតាឡេក្រាមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧ មករា)។

គួរឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មានចំនួន ៦២អាសនៈ។ គ.ជ.ប បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២ (ហុកសិបពីរ) រូប ក្នុងនោះសមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភា ចំនួន៥៨ (ហាសិបប្រាំបី) រូប ទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ (ប្រាំបី) ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម ៖
•ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦ (ប្រាំមួយ) អាសនៈ
•ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ (ប្រាំបី) អាសនៈ
•ភូមិភាគទី៣ ខេត្តកណ្ដាល មាន ៥ (ប្រាំ) អាសនៈ
•ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ (ដប់) អាសនៈ
•ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន ៧ (ប្រាំពីរ) អាសនៈ
•ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ (ប្រាំពីរ) អាសនៈ
•ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន ៩ (ប្រាំបួន) អាសនៈ
•ភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ (ប្រាំមួយ) អាសនៈ៕
ដោយ៖ពលជ័យ

ads banner