វិស័យឯកជន បង្ហាញការគាំទ្រយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន និងគាំទ្រសង្គមកម្ពុជា
ភ្នំពេញ៖ លោក Chan T. Chem, The Prince Foundation បានគាំទ្រយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន ពិសេសលើមុំទី១ គឺភាពស្អាត ដោយក្រុមហ៊ុន ព្រីនស៍ សូមចូលរួម ចំណែករៀបចំឱ្យមានធុងសំរាម តាមសាលារៀនទាំងអស់នៅខេត្តព្រះសីហនុ។
ការប្រកាសគាំទ្របែបនេះរបស់លោក Chan T. Chem បានធ្វើឡើងក្នុងឱកាស ដែល លោកត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឱ្យចូល ជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។
តាមរយៈជំនួបនេះដែរ ក្រុមហ៊ុន ព្រីនស៍ ក៏គាំទ្រនូវភាពបៃតង ដោយធ្វើយ៉ាងណា ដាំដើមឈើ ដើម្បីឱ្យមានភាពបៃតង ស្រស់ស្អាតនៅខេត្តព្រះសីហនុ និងក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនផងដែរ។
លើសពីនេះ ក្រុមហ៊ុន ព្រីនស៍ ក៏បានបង្ហាញចំណាប់អារម្មណ៍គាំទ្រសង្គមកម្ពុជា ដោយផ្តល់ជូនអាហារូបករណ៍ជូនដល់សិស្សានុសិស្សជាងតិច១០០នាក់ ក្នុងមួយឆ្នាំ គាំទ្រវិស័យកីឡា និងវិស័យសុខមាលភាពផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍ចំពោះការគាំទ្រទាំងលើវិស័យស្អាត វិស័យបៃតង ព្រមទាំងលើវិស័យផ្សេងទៀត។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ប្រាប់ទៅថ្នាក់ដឹកនាំក្រុមហ៊ុនព្រីនស៍ពីយុទ្ធសាស្ត្រចក្រា ដែលក្នុងនោះមានភាពស្អាត ហើយភាពស្អាតមាន៣ គឺទី១៖ ស្អាតបរិស្ថានជុំវិញ, ទី២៖ ស្អាតបុគ្គលខាងក្នុង ដើម្បីឈានទៅទទួលបានបុគ្គលស្អាត សង្គមស្អាត និងទី៣៖ គឺសុខភាពស្អាត ។ នៅពេលដែលយើងមានភាពស្អាតនៅជុំវិញបរិស្ថាន ជុំវិញខ្លួនហើយ យើងមានបុគ្គលស្អាត មានសង្គមស្អាត នោះប្រទេសស្អាតហើយយើងនឹងមានសុខភាពល្អ។ សុខភាពស្អាតនឹងធ្វើឱ្យសង្គមយើងមានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ទៅក្រុមហ៊ុនព្រីនស៍ អំពីយុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម និងយុទ្ធនាការ ការរៀបចំបង្កើតថ្នាល់បណ្តុះកូនឈើខ្នាតអន្តរជាតិនៅខេត្តចំនួន៤។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានលើកឡើងពីការអភិវឌ្ឍសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍ មានចំណូលដោយមិនពឹងផ្អែកទៅលើផល និងអនុផលព្រៃឈើ មានចំណូលដែលអាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានល្អប្រសើរ និងប្រែក្លាយពួកគាត់ឱ្យក្លាយទៅជាពាណិជ្ជករ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានការរីកចម្រើនលូតលាស់ដោយចីរភាព ៕ដោយ ៖ ម៉ាដេប៉ូ