លោក ដូណាល់ ត្រាំ បន្តឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire ខិតជិតទៅប្រជែងតទល់ជាមួយលោក ចូ បៃឌិន
លោក ដូណាល់ ត្រាំ (Donald Trump) កាន់តែមានភាគរយច្រើន ទៅប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិក តទល់ចុងក្រោយជាមួយលោក ចូ បៃឌិន ដណ្តើមយកការកាន់កាប់សេតវិមានឡើងវិញ បន្ទាប់ពីលោកបានបន្តឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire ដែលជារដ្ឋដ៏សំខាន់មួយ។
លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ។ ការណ៍នេះបានធ្វើឲ្យបេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះ មានតម្រុយកាន់តែច្បាស់ដែល អាចនឹងទៅប្រជែងតទល់ ក្នុងនាមជាបេក្ខភាពប្រធានាធិបតី ជាមួយលោក ចូ បៃឌិន បេក្ខភាពនៃគណបក្សប្រជាធិបតេយ្យ អំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
រដ្ឋ New Hampshire គឺជារដ្ឋទី២ហើយ ដែលលោកដូណាល់ ត្រាំ បានយកឈ្នះបេក្ខភាព ក្នុងបក្សសាធារណរដ្ឋដូចគ្នា អំឡុងការបោះឆ្នោតបឋមនេះ ពោលគឺបន្ទាប់ពី លោកបានឈ្នះ នៅក្នុងរដ្ឋ lowa កាលពីសប្តាហ៍មុន។
បេក្ខភាពដែលបានចាញ់លោក ត្រាំ គឺលោកស្រី Nikki Haley ដែលក៏ធ្លាប់ធ្វើជាអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិផងដែរនោះ បាននិយាយនៅក្រោយការបោះឆ្នោតថា «ការប្រកួតប្រជែង ស្ថិតនៅផ្លូវវែងឆ្ងាយណាស់»។ លោកស្រីក៏បានប្រាប់អ្នកគាំទ្រទៀតថា «លទ្ធផលនេះហាក់បង្ហាញថា បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យពិតចង់ប្រជែង ជាមួយនឹងអតីតចៅហ្វាយរបស់លោកស្រី ដែលលោកស្រីចង់សំដៅលើ លោក ដូណាល់ ត្រាំ ដែលធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិក បាន១អាណត្តិនោះ។
លោកស្រី Nikki Haley បានបញ្ជាក់ថា «ពួកគេដឹងថា លោក ដូណាល់ ត្រាំ គឺជាបក្ខជនមកពីបក្សសាធារណរដ្ឋតែមួយគត់ ដែលត្រូវប្រជែងតទល់ ជាមួយ លោក ចូ បៃឌិន»។
តាមពិតទៅ បើយោងតាមការស្ទង់មតិរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ក្នុងវ័យ ៧៧ឆ្នាំ ត្រូវបានគេដឹងរួចមកហើយថា នឹងក្លាយជាបេក្ខភាពផ្លូវការរបស់បក្សមួយនេះ ម្តងទៀត សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក លើកទី៦០ ដែលគ្រោងនឹងរៀបចំ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បើទោះបីជាលោកកំពុងរងការចោទប្រកាន់ករណីព្រហ្មទណ្ឌនានាក៏ដោយ។
គួរបញ្ជាក់ថា រដ្ឋបន្ទាប់សម្រាប់ការបោះឆ្នោតបឋម របស់គណបក្សសាធារណរដ្ឋ គឺរដ្ឋ South Carolina ។ រីឯ បក្សប្រជាធិបតេយ្យ ដែលជាបក្សរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃឌិន (Jo Biden) គ្រោងនឹងចាប់ផ្តើមដំណើរការបោះឆ្នោតបឋម នៅខែកុម្ភៈ ខាងមុខនេះ។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ លោកប្រធានាធិបតី បៃឌិន និង អនុប្រធានាធិបតី លោកស្រី Kamala Harris បានបង្ហាញខ្លួនរួមគ្នា ជាលើកដំបូង សម្រាប់ការចាប់ផ្តើមយុទ្ធនាការ បោះឆ្នោត នៅឯរដ្ឋ Virginia ៕ ប្រភពពីAFP ប្រែសម្រួល៖ សារ៉ាត