សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា គឺគ្មានមច្ឆិតានៅក្នុងការរំលោភឈ្លានពានអ្នកណាទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា គឺគ្មានមច្ឆិតានៅក្នុងការរំលោភឈ្លានពានអ្នកណាទេ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជាដូចជាប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមួយដែលគ្មានច្បាប់ហាមឃាត់មិនឱ្យធ្វើទំនើបកម្មការពារជាតិរបស់ខ្លួនទេ។ សមត្ថភាពកងទ័ពរបស់យើងពង្រឹង ដើម្បចូលរួមនៅក្នុងការថែរក្សានូវសុខសន្តិភាព ស្ថេរភាព ទាំងក្នុងក្របខណ្ឌកម្ពុជាផ្ទាល់ និងក្នុងតំបន់។ បើសិនជាមានស្ថានភាពអីកើតឡើង ឧទាហរណ៍ ឧក្រិដ្ឋកម្ម ភេវរកម្ម ឬមួយក៏បញ្ហាអី ដែលកើតមានឡើង ដែលត្រូវការចូលរួមរបស់កម្ពុជា យើងចូលរួមជួយ។ កម្លាំងយើងបញ្ជូនទៅក្រោមឆ័ត្រអង្គការសហប្រជាជតិ នៅក្នុងការដោះមីន គ្រឿងបំពាក់ក៏គ្រឿងបំពាក់ ពិតណាស់អង្គការសហប្រជាជាតិជួយ។ ប៉ុន្តែបើយោងមិនបំពាក់ យើងមិនបង្កើនសមត្ថភាពឱ្យកម្លាំងយើងមិនអាចទៅសមាហរណកម្មរួចទេ។

ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការថែទាំងបច្ចេកទេស សព្វាវុធ យុទ្ធតូបករណ៍ គឺដើម្បីបង្កើនសមត្ថភាពការងារជាតិ ថែរក្សាសុខសន្តិភាព ហើយជឿថា ប្រាកដជាមានអ្នកអត្ថាធិប្បាយទៀតហើយ ព្រោះសម្តេចធ្លាប់ គ្រាន់តែបំពាក់រថយន្តដឹកជញ្ជូនជូនកងទ័ពជើងគោកសោះ គេថាយើងបំពាក់ដើម្បីបន្លាចប្រជាជន យើងបំពាក់ដើម្បីវ៉ៃប្រជាជន នៅមុនកូវីដ ដល់ពេលជំនាន់កូវីដឃើញតែឡានហ្នឹងដឹកកម្លាំងចុះទៅជួយបិទខ្ទប់ ទៅជួយលីអង្ករឱ្យប្រជាពលរដ្ឋ ទឹកជំនន់ឃើញតែរថយន្តហ្នឹង អាហ្នឹងគ្រាន់តែឡានដឹកជញ្ជូនផង ឥឡូវគ្រាន់តែឃើញអាវែងៗមិនដឹងថាយ៉ាងម៉េច៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner