ផ្លូវជាតិ៣១ ក្នុងខេត្តកំពត បញ្ចប់ការជួសជុលនៅក្នុងខែកក្កដា (Video Inside)

ផ្លូវជាតិលេខ៣១ ចាប់ពីបែកគុស ទៅដល់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត នឹងគ្រោងបញ្ចប់ការជួសជុលនៅក្នុងខែកក្កដាខាងមុខនេះហើយ បន្ទាប់ពីការស្តារ និងសាងសង់អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងនៅថ្ងៃទី២៤ មករាថា «ផ្លូវជាតិលេខ៣១ គិតមកដល់ពេលនេះសម្រេចការសាសងសង់បានប្រមាណ ៤០% ហើយ ក្នុងនោះការចាក់អ៊ុតបេតុងកៅស៊ូ (AC) នឹងរួចរាល់នាខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការបំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ និងកិច្ចការផ្សេងៗជាច្រើនទៀត នឹងរួចរាល់ទាំងស្រុងនៅចុងឆ្នាំ២០២៤»។

ផ្លូវជាតិលេខ៣១ ប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ តម្លៃជាង ៦០លានដុល្លារ ត្រូវបានស្តារ និងលើកកម្រិតគុណភាពដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២។

គម្រោងនេះ គឺជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

ads banner