ក្រុមហ៊ុន GM ចាយទុន ១.៤ពាន់លានដុល្លារ អភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីផ្តោតលើរថយន្តអគ្គិសនីនៅប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ ក្រុមហ៊ុន General Motors នៅថ្ងៃពុធទី២៤ ខែមករានេះ ប្រកាសថា ខ្លួននឹងបោះទុនវិនិយោគជាង ១.៤ពាន់លានដុល្លារនៅប្រទេសប្រេស៊ីល ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីផ្តោតលើរថយន្តអគ្គិសនី នៅក្នុងប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាមេរិកឡាទីន។

ប្រធានក្រុមហ៊ុន General Motors International លោក Shilpan Amin និយាយថា ការវិនិយោគក្នុងទំហំទឹកប្រាក់ ១.៤ពាន់លានដុល្លារនេះ នឹងផ្តោតសំខាន់លើបច្ចេកវិទ្យាថ្មី ដើម្បីជំរុញឱ្យមាននិរន្តរភាព និងបង្កើតរថយន្តអគ្គិសនីជំនាន់ក្រោយ។ លោក Amin បន្ថែមថា ផែនការអនាគតរបស់យើង គឺការផលិតរថយន្តអគ្គិសនីទាំងអស់ វាគឺជាផ្លូវទៅកាន់ការបំភាយឧស្ម័នសូន្យ។

ទន្ទឹមគ្នា ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា ដែលរដ្ឋបាលរបស់គាត់បានជំរុញក្រុមហ៊ុនរថយន្តក្នុងស្រុក ឱ្យផលិតរថយន្តអគ្គិសនី ជាជាងនាំចូល បានស្វាគមន៍ការប្រកាសនេះ។ អ្នកឆ្វេងនិយមជើងចាស់រូបនេះ បានសរសេរនៅលើបណ្តាញសង្គម X ថា ការវិនិយោគនេះ កើតឡើងស្របពេលដែលកំណើនសេដ្ឋកិច្ចប្រេស៊ីលវិលត្រឡប់មកវិញ។

នៅថ្ងៃពុធសប្តាហ៍នេះដែរ លោក លូឡា ក៏បានជួបជាមួយតំណាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD ដែលគ្រោងនឹងសាងសង់រោងចក្រតម្លៃជាង ៦០០លានដុល្លារនៅរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។

បច្ចុប្បន្ន ក្រុមហ៊ុន GM បាននាំចូលរថយន្តអគ្គិសនីទាំងអស់ មកលក់នៅក្នុងប្រទេសប្រេស៊ីល។ រថយន្តអគ្គិសនី និងរថយន្តកូនកាត់ (អាគុយ-សាំង) នៅមិនទាន់ពេញនិយមទេនៅប្រេស៊ីល ដែលជាប្រទេសផលិតប្រេងដ៏ធំបំផុត ប៉ុន្តែការលក់បានកើនឡើង ៩១ភាគរយកាលពីឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner