ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ទោះមានការដួលរលំធនាគារមួយចំនួន នៅក្រៅប្រទេស
(ភ្នំពេញ)៖ ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ខណៈអត្រាការប្រាក់ឥណទាននៅកម្ពុជា រក្សាបានស្ថិរភាពល្អ ទោះបីនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារ ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា នាឆ្នាំ២០២៣ កន្លងទៅនេះ សេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេស ភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលរួមមាន ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប, ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី។ សង្គ្រាមពិតជាបង្កនូវសោដនាដកម្មដ៏ធ្ងន់ធ្ងរ ដល់ប្រជាជន សង្គម និងសេដ្ឋកិច្ច ។
លោកជំទាវបណ្ឌិត បន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ កម្ពុជា ពិតជាមានមោទនភាព ដែលប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ បើទោះបីនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារដូចជា៖ នៅសហរដ្ឋអាមេរិក និងស្វីស ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថិរភាពហិរញ្ញវត្ថុសកល ។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទាននៅកម្ពុជា ក៏រក្សាបានស្ថិរភាពល្អ បើទោះជាបានកើនឡើងបន្តិចបន្តួចចំពោះគ្រឹះស្ថានមួយចំនួន បើធៀបនឹងការកើនឡើងនៅបណ្តាប្រទេសនានា ដោយសារការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាល ក្នុងប្រទេសអភិវឌ្ឍន៍ចម្បងៗ ដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ។
ទេសាភិបាលធនាគារជាតិរូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែកក្នុងការគោរពតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា និងបន្តខិតខំរក្សាស្ថិរភាពអត្រាការប្រាក់ឥណទាន ក្នុងនោះស្ថានភាពការរៀបចំឥណទានឡើងវិញ ត្រូវបានបញ្ចប់ក្រោយវិបត្តិកូវីដ-១៩ ហើយសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ជាមួយនឹងការកើនឡើងអត្រាការប្រាក់កម្ចីក្រៅប្រទេស កំណើនឥណទានបានថយចុះមកត្រឹម ៤,៨% ដែលជាអត្រាទាប បំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។
លោកជំទាវ ជា សិរី បានបន្ថែមថា ទោះយ៉ាងណា កំណើនឥណទាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួម ចំណែកជំរុញវិស័យផលិតកម្មដូចជា៖ វិស័យកម្មន្តសាល និងកសិកម្ម ដែលនៅតែមានកំណើនពីរខ្ទង់។ ទន្ទឹមនេះឥណទាន មិនដំណើរការក៏បានបន្តកើនឡើងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តដាក់ខ្ពស់ លើការត្រួតពិនិត្យធនាគារ ការធ្វើ Stress Test ជាប់ជាប្រចាំ ការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅលើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត