សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្លឹបបាញ់កាំភ្លើងរបស់ឯកជនតែបើកហើយ គឺត្រូវតែមានសិទ្ធិទិញកាំភ្លើង និងទិញគ្រាប់ ។ ដូច្នេះអ្នកមកលេងខេត្តព្រះសីហនុ មិនចាំបាច់ទៅរៀនបាញ់កាំភ្លើងនោះទេ ហើយទីតាំងកងទ័ព មិនបាច់អនុញ្ញាតឱ្យបើកអាជីវកម្មឱ្យស៊ីវិលទៅរៀនបាញ់នោះទេ គឺទុកឱ្យទាហានហ្វឹកហាត់ទៅ ។
ជាមួយនេះសម្ដេចអធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើសេចក្តីព្រាងការណែនាំ គឺមិនអនុញ្ញាតឱ្យមានការបើកកន្លែងបាញ់កាំភ្លើងនៅទូទាំងប្រទេសបន្តទៀតទេ ។
សម្ដេចធិបតីបញ្ជាក់ថា កាលពីថ្អៃទី៣០ មករា ២០២៤ សម្ដេច បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយ ឱ្យបញ្ឈប់ការបើកថ្មី ចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ ហើយធ្វើបច្ចុប្បន្នភាព កន្លែងមានស្រាប់ហើយ និងត្រួតពិនិត្យមើលបច្ចេកទេស បើមិនត្រឹមត្រូវ គឺបិទចោលតែម្ដង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ