សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដីអភិរក្សបឹងទន្លេសាប ត្រូវការពារឱ្យបាន ដើម្បីការពារ កិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវការពារដីអភិរក្សបឹងទន្លេសាបឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ ។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀសថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។
នៅក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលទី៧ ប្តេជ្ញាបន្តការកំណត់ព្រៃលិចទឹក បឹងទន្លេសាប រហូតដល់ចប់ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ស្របតាមគោលការណ៍ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល អាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។
សម្ដេចបានបន្តថា កិច្ចការងារនេះ ទាមទារឱ្យមានសហការពីគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយចែកចេញជាជំហានទី១ ចំពោះមុខ ត្រូវបញ្ចប់កិច្ចការងារនេះដោយសុក្រឹតភាព និងប្រសិទ្ធភាព តាមរយៈការចុះបញ្ជីដីឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងជាប្រព័ន្ធ ជាមួយការប្រគល់ភារកិច្ចជូនឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី និងនគររូបនីយកម្ម និងសំណង់ ក្នុងការដឹកនាំ សម្របសម្រួលជាមួយអាជ្ញាធរទន្លេសាប ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីអនុវត្ត, ជំហានទី២-ក្រោយការចុះបញ្ជីដីចប់សព្វគ្រប់ អាជ្ញាធរទន្លេសាប មានភារកិច្ចគូសផែនទី និងបោះបង្គោលកំណត់ព្រំដីឡើងវិញឱ្យបានសុក្រឹតភាព ដើម្បីបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ការវាស់វែង, ជំហានទី៣-ការងារអចិន្ត្រៃយ៍ គឺអាជ្ញាធរទន្លេសាបត្រូវពង្រឹងយន្តការថែរក្សា និងគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាការដឹកនាំសម្របសម្រួល គ្រប់គ្រងបឹងទន្លេសាប រួមជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អភិបាល នៃគណៈអភិបាល នៃបណ្តាខេត្តជុំវិញបឹងទន្លេសាប មានភារកិច្ចសហការដឹកនាំដោយស្រុះដៃគ្នា ដើម្បីការពារឱ្យបានដាច់ខាតនូវបឹងទន្លេសាប ដែលជាសម្បត្តិរួមរបស់ ជាតិសម្រាប់កូនចៅច្រើនជំនាន់តទៅទៀត។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដីអភិរក្សបឹងទន្លេសាប ត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ , ត្រូវគ្រប់គ្រង និងការពារឱ្យបានបឹងទន្លេសាប មិនឱ្យអ្នកណាទន្រ្ទានខុសច្បាប់ ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ