អ្នកវិទ្យាសាស្រ្តអូស្រ្តាលីការពារត្រីដ៏កម្រមានបំផុតលើពិភពលោក
ស៊ីដនី៖ ក្រុមវិទ្យាសាស្រ្តបានស្រង់យកត្រីដៃក្រហមដ៏កម្រចំនួន ២៥ក្បាល ចេញពីមហាសមុទ្រនៅក្នុងប្រទេសអូស្រ្តាលី ជាមួយក្តីសង្ឃឹមថា នឹងការពារពួកវាពីការផុតពូជ ដោយសារការកើនឡើងកំដៅទឹកសមុទ្រ និងផលប៉ះពាល់បង្កឡើងពីមនុស្ស។
ត្រីដៃក្រហមដ៏កម្រ ត្រូវបានអ្នកវិទ្យាសាស្ត្រនៅប្រទេសអូស្រ្តាលី យកមកចិញ្ចឹមក្នុងអាងចិញ្ចឹមត្រីបណ្តោះអាសន្ន ដើម្បីការពារពួកវាពីការផុតពូជ ដោយសារការប្រែប្រួលអាកាសធាតុ។
អ្នកវិទ្យាសាស្រ្តមួយរូបនិយាយថា យើងជឿជាក់ថា ត្រីដ៏កម្រទាំងនេះ នឹងមានសុវត្ថិភាព ពេលនៅជាមួយពួកយើង ហើយយើងសង្ឃឹមថា នឹងបញ្ជូនត្រីទាំងនេះទៅជម្រកធម្មជាតិរបស់ពួកវាវិញ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ នាអំឡុងខែមិថុនាខាងមុខ។
សីតុណ្ហភាពទឹកសមុទ្រនៅអូស្ត្រាលី កើនឡើងជាលំដាប់ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ អ្នកជំនាញជឿជាក់ថា ការកើនឡើងសីតុណ្ហភាព ត្រូវបានជំរុញដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតទៅក្នុងបរិយាកាស។
គួរបញ្ជាក់ថា ត្រីដៃក្រហម ឬ (red handfish) ត្រូវបានអ្នកវិទ្យសាស្ត្រចាត់ទុកថា ជាត្រីសមុទ្រម្យ៉ាង ដែលកម្រមានខ្លាំងបំផុតលើពិភពលោក អាចនិយាយថា សឹងតែនឹងផុតពូជទៅហើយ។ ត្រីនេះ អ្នកវិទ្យសាស្ត្រប្រទះឃើញដោយចៃដន្យនៅច្រាំងសមុទ្រ Tasmania របស់ប្រទេសអូស្ត្រាលី។
ត្រីប្រភេទនេះដែរ មានលក្ខណៈខុសប្លែកពីត្រីដទៃទៀត ដោយពួកវាបំលាស់ទីដោយប្រើព្រុយ ដែលមានរូបរាងដូចដៃ។ ត្រីនេះមានប្រវែងប្រហែល ៨សង់ទីម៉ែត្រ និងមានតែជាង ១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅផ្នែកតូចមួយនៃថ្មប៉ប្រះទឹកនៅភាគអាគ្នេយ៍នៃរដ្ឋ Tasmania ប្រទេសអូស្រ្តាលី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា