ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស ពិភាក្សាពីការគំរាមកំហែងផ្នែកសន្តិសុខនៅមជ្ឈិមបព៌ា
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ក្នុងថ្ងៃពុធសប្តាហ៍នេះ បានជួបជាមួយសមភាគីអង់គ្លេស លោក ហ្គ្រែន សាបស៍ នៅឯមន្ទីរបញ្ចកោណ ដើម្បីពិភាក្សាគ្នាស្តីពីការគំរាមកំហែងផ្នែកសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស បានជជែកគ្នាពាក់ព័ន្ធនឹងបញ្ហាមួយចំនួន។
ក្នុងនោះមានដូចជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ លើកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា និងការវាយប្រហារខុសច្បាប់របស់ក្រុមហ៊ូទី លើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌នៅហ្គាហ្សា និងការគាំទ្រអ៊ុយក្រែន។
កិច្ចពិភាក្សារវាងប្រមុខការពារជាតិទាំងពីរ ធ្វើឡើងបន្ទាប់ពីយន្តហោះដ្រូន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានវាយប្រហារមូលដ្ឋានយោធានៅភាគឦសានប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់ និងរបួសជាង ៤០នាក់។
នេះជាការស្លាប់យោធាអាមេរិកលើកដំបូង ក្នុងការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីដើមខែតុលាឆ្នាំមុន។ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



