សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
សូមជម្រាបថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្មអាមេរិក ក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ដោយមានក្រុមហ៊ុនធំៗ និង វិនិយោគិនអាមេរិក បានចូលរួមក្នុងវេទិកាធុរកិច្ចនេះ ផងដែរ ។
នៅក្នុងជំនួបនេះដែរ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។
លោកប្រធានសភាពាណិជ្ជកម្ម ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន ។
ទន្ទឹមនឹងនេះ លោកប្រធានសភាពាណិជ្ជកម្ម បានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)មក កម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និង ការគាំទ្រដល់ស្រ្តី លើផ្នែក ភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាល អភិវឌ្ឍជំនាញ និង ផ្នែកហិរញ្ញវត្ថុ ជាដើម ។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បន្តពង្រឹង និងពង្រីក នូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ជូន លោកប្រធាន សភាពាណិជ្ជកម្ម អំពីការយកចិត្តទុកដាក់ និង ការប្ដេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយ ក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោក ។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយម ចំពោះបរិយាកាសវិនិយោគ ប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការ វិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ






