ក្រសួងបរិស្ថានមានវិធានការសម្អាត និងលុបបំបាត់ថង់ប្លាស្ទិក លើផ្ទៃទឹកបឹងទន្លេសាប

បាត់ដំបង៖ ក្រសួងបរិស្ថានគ្រោងដាក់ចេញនូវយុទ្ធនាការសម្អាត វត្ថុ ឬថង់ប្លាស្ទិកនៅលើផ្ទៃទឹកបឹងទន្លេសាប។នេះបើតាមការ បង្ហើប ឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន ខណៈដែលឯកឧត្តមបានអញ្ជើញដឹកនាំគណៈ ប្រតិភូ អន្តរក្រសួង និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជានិងស្ថានទូត សមាជិកសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមមាន អាល្លឺម៉ង់, បារាំង, ហុងគ្រី ទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប ក្នុងតំបន់រ៉ាមសារ ព្រែកទាល់ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ត បាត់ ដំបង កាលពីចុងសប្ដាហ៍នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងបរិស្ថានបានធ្វើការសិក្សា និង គ្រោងដាក់ចេញវិធាននូវការសម្អាតនិងលុបបំបាត់ថង់ប្លាស្ទិក នៅលើផ្ទៃទឹក ខណៈដែលបឹងទន្លេសាប គឺជាអាទិភាពដ៏ចម្បង ដែលនិងត្រូវអនុវត្តមុនគេ។

ឯកឧត្តម អ៊ាង សុផល្លែត និងគណៈ ប្រតិភូអន្តរក្រសួង គណៈ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាព្រមទាំងស្ថានទូតនៃប្រទេស សមាជិកសហភាពអឺរ៉ុបបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅខេត្តសៀមរាបនិងខេត្តបាត់ដំបង ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ទស្សនកិច្ចថា បឹងទន្លេសាប គឺជាការងារអាទិភាពដែលនឹង ត្រូវធ្វើការសម្អាតថង់ប្លាស្ទិកដើម្បីធ្វើយ៉ាងណាឱ្យទន្លេសាបស្អាត មិនឱ្យបាត់បង់ប្រភពត្រី បាត់បង់ជីវៈចម្រុះដែលបង្កនូវការគំរាម កំហែងធ្ងន់ធ្ងរនិងអាចធ្វើឱ្យមហន្តរាយដល់”បឹងទន្លេសាប”ដែលជាទ្រព្យដ៏កម្រមួយរបស់”កម្ពុជា”។យើងមានខណៈដែល ប្រទេសដទៃមិនមាន។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្រ្តីបានបង្ហើបឱ្យដឹងផងដែរពីការស្នើឱ្យអង្គការមួយ ដើម្បីធ្វើការសិក្សាពិនិត្យមើល ការសម្អាតនិង ដាក់ចេញនូវវិធានការក្នុងការថែរក្សានិងការពារផ្ទៃលំហនៃបឹងទន្លេសាប សម្រាប់ថែរក្សាឱ្យកូនចៅជំនាន់ក្រោយ បានយល់ដឹង ស្គាល់ពីអត្ថប្រយោជន៍និងជីវៈចម្រុះដែលមានក្នុងផ្ទៃបឹងទន្លេសាបនេះ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមដោយសង្កត់ធ្ងន់ថាក្រសួង បរិស្ថាន ក៏កំពុងតែសិក្សាកំណត់ចំនួនរោងចក្រដែលបានបង្ហូរទឹក ចូលទៅក្នុងប្រភពទឹក ឈានទៅបំពាក់ប្រព័ន្ធតាមដាន សំដៅ ធ្វើយ៉ាងណាឱ្យប្រភពទឹករបស់រោងចក្រ ដែលបង្ហូរហូរចូលទៅក្នុ
ងទន្លេ បឹង បួរ គឺជាទឹកល្អនិងគ្មានការបំពុលបរិស្ថាន៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner