សេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចជំនួបសហគ្រិនវ័យក្មេង លើកទី១ ឆ្នាំ២០២៤ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា
នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកិច្ចជំនួបសហគ្រិនវ័យក្មេង លើកទី១ ឆ្នាំ២០២៤។ ដូចទៅនឹងរៀងរាល់ឆ្នាំ កម្មវិធីនេះគឺជាកិច្ចជំនួបលើកទី១ក្នុងចំណោមកិច្ចជំនួប ៥ ដងជាប្រចាំឆ្នាំរបស់សមាគម។ ជំនួបសហគ្រិនវ័យក្មេង ឬជាភាសាអង់គ្លេសថា Young Entrepreneurs Gathering គឺជាកម្មវិធីជួបជុំពិសេស និងដ៏សំខាន់មួយសម្រាប់ម្ចាស់អាជីកម្ម ដែលត្រូវបានរៀបចំឡើងសម្រាប់តែសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតែប៉ុណ្ណោះ។
គោលបំណងសំខាន់នៃកិច្ចជំនួបម្ចាស់អាជីវកម្មនេះ គឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងបណ្តាញគាំទ្រអាជីវកម្មរវាងសមាជិកនិងសមាជិក ដែលជាវេទិកាសម្រាប់ចែករំលែកនូវបទពិសោធ បញ្ហាប្រឈម ឬ ដំណោះស្រាយផ្សេងៗ ដែល អាចផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។
ជាងនេះទៅទៀត ម្ចាស់អាជីវកម្មទទួលបាននូវការចែករំលែកនូវព័ត៌មានស្ដីពីច្បាប់ និងគោលនយោបាយសំខាន់ៗសម្រាប់អាជីវកម្ម ពីវាគ្មិនពាក់ព័ន្ធ ជាពិសេសពីរាជរដ្ឋាភិបាលដែលទាក់ទងនឹងធុរកិច្ចរបស់ពួកគេ។ ក្នុងកិច្ចជំនួបនេះផងដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិករបស់សមាគម ក៏ដូចជាម្ចាស់ឧបត្ថម្ភ ដៃគូអភិវឌ្ឍ និងដៃគូសហការជាច្រើនរបស់សមាគមប្រមាណជា ១៥០ នាក់។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានជំនឿរួមមួយថាការជឿនលឿននៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ភាគច្រើនត្រូវពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២៣។ ឧកញ៉ាប្រធាន បានគូសបញ្ជាក់បន្ថែមទៀតដែរថា “សហគ្រិនវ័យក្មេងមានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលពួកគាត់ត្រូវការលើកទឹកចិត្ត ការគាំទ្រ និងការជ្រោមជ្រែងពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវបង្កើត និងបង្កើនកិច្ចអន្តរាគមន៍ដល់សហគ្រិនរបស់យើង។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវតែខ្លាំង និងប្រឹងប្រែងឱ្យបានកាន់តែច្រើនទ្វេដងជាងមុន ត្រូវរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រទាំងអស់ ដើម្បីជួយដល់សមាជិកសមាជិការរបស់សមាគម ម្ចាស់សហគ្រាស និងប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់សហគ្រិនវ័យក្មេងនិងម្ចាស់អាជីវកម្មនៅកម្ពុជា”។
ឧកញ៉ាប្រធាន បានអំពាវនាវបន្ថែមដល់ម្ចាស់សហគ្រាសធំៗ ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បន្តជួយឧបត្ថម្ភគាំទ្រក្នុងភាពជាដៃគូបន្ថែមទៀតដល់សមាគម ដើម្បីអភិវឌ្ឍសហគ្រិនវ័យក្មេង និងម្ចាស់សហគ្រាស ឲ្យកាន់តែប្រសើរ និងអាចប្រកួតប្រជែងជាមួយធុរកិច្ចក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដើម្បីសេដ្ឋកិច្ចជាតិរបស់យើង និងដើម្បីយើងទាំងអស់គ្នា។
ក្នុងឱកាសនៃកិច្ចជំនួបនេះផងដែរ សមាគមក៏បានចុះអនុស្សរណៈនៃភាពជាដៃគូជាមួយម្ចាស់ឧបត្ថម្ភជាច្រើន រួមមាន Partner Sonsor, National Sponsor, Main Sponsor, Media Sponsor និង Co-Sponsor។ គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមមានសមាជិកចំនួនជាង ៦០០ នាក់ ដែលជាម្ចាស់អាជីវកម្មប្រមាណជា ១៨០០ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ដែលមានសាខាតាមខេត្តចំនួន ៧ និងបន្តបង្កើតសាខាឲ្យបានគ្រប់ខេត្តត្រឹមឆ្នាំ ២០២៦។
សមាគមមានទិសដៅយុទ្ជសាស្រ្តសសំខាន់ៗចំនួយ ៦ សម្រាប់គាំទ្រសមាជិកដូចជា៖
- បង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានធនាគារ និងទុនវិនិយោគដល់សមាជិក
- ពង្រឹងសមត្ថភាព MSMEs លើជំនាញឌីជីថល អាជីវកម្មបរិយាបន្ន និងនវានុវត្តន៍
- ពង្រឹងកម្លាំងពលកម្មជំនាញ និងពង្រឹកទីផ្សារការងារ និងអនាគតទីផ្សារការងារអាស៊ាន
- ចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយ និងយន្តការនានាដើម្បីគាំទ្រដល់ SMEs
- បង្កើនសហប្រតិបត្តិការអន្តរជាតិ និងទីផ្សារសម្រាប់ពាណិជ្ជកម្ម និងអាជីវកម្មរបស់សមាជិក
- បង្កើនសមាជិក ពង្រីកសាខា និងអភិវឌ្ឍប្រកបដោយចីរភាព
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) វ៉ាយអ៊ីអេស៊ី ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។