អេហ្ស៊ីបបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ ការជួសជុលប្រាសាទពីរ៉ាមីត
គែរ៖ ក្រសួងបុរាណវិទ្យាអេហ្ស៊ីប នៅថ្ងៃអាទិត្យនិយាយថា ខ្លួនកំពុងបង្កើតគណៈកម្មាធិការមួយ ដើម្បីត្រួតពិនិត្យមើលការជួសជុលប្រាសាទពីរ៉ាមីត Menkaure នៃទីក្រុង Giza បន្ទាប់ពីមានការតវ៉ាជាសាធារណៈជុំវិញគម្រោងនេះ។
យោងតាមវីដេអូមួយដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពក្រុមកម្មកររាប់សិបនាក់កំពុងរើដុំថ្មក្រានីតធំៗ និងជួសជុលតួខាងក្រៅរបស់ប្រាសាទពីរ៉ាមីត ឱ្យដូចទៅនឹងសភាពដើមរបស់វា ដែលត្រូវបានសាងសង់ឡើងដំបូង។
ប៉ុន្តែគម្រោងអភិវឌ្ឈប្រាសាទពីរ៉ាមីត Menkaure នេះ បានទទួលរងព្យុះនៃការរិះគន់ខ្លាំង ពីអ្នកជំនាញអេហ្ស៊ីប និងអ្នកនិយមលេងបណ្តាញសង្គម ដែលព្រួយបារម្ភថា ការជួសជុលឡើងវិញនេះ នឹងប៉ះពាល់ដល់រូបរាងដើម នៃប្រាសាទដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ។
ឆ្លើយតបនឹងការរិះគន់នេះ ក្រសួងបុរាណវិទ្យាអេហ្ស៊ីបប្រកាសថា ខ្លួនបានបង្កើតគណៈកម្មាធិការវិទ្យាសាស្ត្រមួយ ដឹកនាំដោយលោក Zahi Hawass ដែលជាអ្នកបុរាណវិទូជនជាតិអេហ្ស៊ីបដ៏ល្បីម្នាក់ ដើម្បីពិនិត្យមើលគម្រោងនេះ។
គណៈកម្មាធិការ ដែលរួមមានទាំងអ្នកជំនាញផ្នែកវិស្វកម្ម និងបុរាណវិទ្យា មកពីប្រទេសឆេក អាល្លឺម៉ង់ សហរដ្ឋអាមេរិក រួមទាំងអេហ្ស៊ីបផ្ទាល់ នឹងធ្វើការរួមគ្នា ស្ថិតក្រោមការសម្របសម្រួល ជាមួយទីភ្នាក់ងារបេតិកភណ្ឌអង្គការសហប្រជាជាតិ (UNESCO)។
គួរបញ្ជាក់ថា ប្រាសាទពីរ៉ាមីតមានអាយុកាលតាំងពី ៤,៥០០ឆ្នាំមុនមកម្ល៉េះ ហើយជាផ្នូររបស់ស្តេច Pharaoh Menkaure ដែលគ្រប់គ្រងរាជវង្សទី៤ នៃប្រទេសអេហ្ស៊ីប។ បច្ចុប្បន្នប្រាសាទពីរ៉ាមីតមានកម្ពស់ ៦១ម៉ែត្រ ដោយកាលពីមុនមានកម្ពស់ជាង ៦៥ម៉ែត្រ។
កំរាលថ្មខាងក្រៅចំនួន ១៦ជាន់ គឺថ្មក្រានីតក្រហម ៧ ជាន់នៅដដែល រីឯជាន់ខាងលើត្រូវបានគ្របដោយថ្មកំបោរពណ៌ស។ ហេតុនេះហើយ គម្រោងជួសជុលសំបកខាងក្រៅ នឹងចំណាយពេលប្រហែល ៣ឆ្នាំ ដែលនឹងរួមបញ្ចូលការស្កេនឡាស៊ែរ និងឯកសារជាច្រើន មុនពេលប្លុកថ្មក្រានីតណាមួយត្រូវបានផ្លាស់ប្តូរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា