ផ្ទុះបាតុកម្មនៅអង់គ្លេស ទាមទារឱ្យដោះលែងស្រ្តីដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង

ឡុងដ៍ ៖ មនុស្សរាប់សិបនាក់ប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីទាមទារការយកចិត្តទុកដាក់ ចំពោះស្ត្រីដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ហើយមិនទាន់ដោះលែង ក៏ដូចជាបញ្ហានៃអំពើហិង្សាផ្លូវភេទលើស្រ្តី។

ក្រុមអ្នកតវ៉ារាប់សិបនាក់បានដើរដង្ហែក្បួននៅជិតការិយាល័យរបស់ស្ថានីយ៍ទូរទស្សន៍ BBC ដោយក្នុងដៃពួកគេបានកាន់បដា ដែលសរសេរថា “ការរំលោភមិនមែនជាការតស៊ូ”។ អ្នកតវ៉ាខ្លះទៀត ពាក់អាវយឺត និងស្លៀកខោមានស្នាមប្រឡាក់ពណ៌ក្រហម ដែលតំណាងឱ្យឈាម នៅចន្លោះជើងរបស់ពួកគេ។ អ្នកដឹកនាំបាតុកម្មនេះជឿជាក់ថា មានការលាក់បាំងអំពីអំពើហិង្សាផ្លូវភេទ។

របាយការណ៍នៃការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ ត្រូវបានគេរាយការណ៍ថា បានកើនឡើងចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ អភិបាលរងក្រុងយេរូសាឡឹម លោកស្រី Fleur Hassan-Nahoum និយាយថា ស្ត្រី និងកុមារីចន្លោះពី ១៧ ទៅ ២០នាក់ នៅតែជាចំណាប់ខ្មាំងរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា នៅលើទឹកដីអ៊ីស្រាអែល។

ជាមួយគ្នានេះ លោកស្រីព្រួយបារម្ភថា ស្រ្តី និងកុមារទាំងនោះ អាចនឹងត្រូវក្រុមសកម្មប្រយុទ្ធចាប់រំលោភ នៅពេលមុនពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។ កាលពីដើមខែធ្នូឆ្នាំមុន ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan និយាយថា ក្រុមហាម៉ាសបានប្រើការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទជាអាវុធនៃសង្គ្រាម ប៉ុន្តែពួកគេបានច្រានចោលការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា បណ្តាលឱ្យមនុស្ស ១,១៦០នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ បន្ថែមលើនេះ ពួកគេក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ ដោយអ៊ីស្រាអែលនិយាយថា ១៣២នាក់នៅតែជាប់ឃុំនៅតំបន់ហ្គាហ្សា ហើយយ៉ាងហោចណាស់ ២៧នាក់ត្រូវគេជឿថា ត្រូវបានសម្លាប់។

ជាការសងសឹកវិញនោះ អ៊ីស្រាអែលបានបើកការវាយប្រហារទាំងផ្លូវគោក ផ្លូវអាកាស និងសមុទ្រ បណ្តាលឱ្យមនុស្ស ២៧,៣៦៥នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើតាមរបាយការណ៍ចុងក្រោយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner