កងទ័ពជួរមុខកម្ពុជា និងកងទ័ពជួរមុខថៃ ជួបគ្នាដើម្បីពង្រឹង ទំនាក់ទំនង
ព្រះវិហារ៖ មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា-ថៃ បានជួបគ្នាកាលពី ព្រឹក ថ្ងៃទី៤ ខែមករា នៅក្នុងភូមិសាស្ត្រភ្នំតាថាវទិសទី១ប្រាសាទ ព្រះវិហារ ត្រង់ចំណុចដើមធ្នង់ ជួរមុខព្រំដែនកម្ពុជា-ថៃ ។ជំនួបនេះជាការធ្វើ ឡើង តាមទម្លាប់អនុវត្តកន្លងមកដើម្បីពង្រឹង ពង្រីកទំនាក់ទំនង ក៏ដូច ជាដោះស្រាយបញ្ហារួមគ្នាប្រសិនជាមានអ្វីមួយជាសំណូមពរ។
ក្នុងជំនួបនេះភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរងនាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ ឧត្តម សេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។ចំណែកភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី ណាត់ ស៊ីអ៊ីន មេបញ្ជាការ កងពលសារ៉ាក់ណារីថៃ ។ព្រឹត្តិការណ៍នេះក៏មានការ ចូល រួមពីអាជ្ញាធរស្រុកជាប់ព្រំដែន នៃប្រទេសទាំងពីរផងដែរ។
ប្រភពព័ត៌មានបានប្រាប់ថា ក្នុងឱកាសនេះភាគីកម្ពុជា ឧត្តម សេនីយ៍ទោ អ៊ូ ណារិន ក្នុងនាមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍ លេខ៣និងរូបលោកផ្ទាល់សំណូមពរដល់កងកម្លាំងទាំងពីរ ដែលនៅទល់មុខក្នុងភូមិសាស្ត្រនេះបន្តរក្សាទំនាក់ទំនង និង កិច្ចសហ ប្រតិបត្តិការឱ្យបានល្អបន្ថែមទៀតដូចដែលបាន ធ្វើ នាពេលនេះរួចមក ហើយ ។
រួមគ្នាទប់ស្កាត់បង្ក្រាបរាល់បទ ល្មើសដែលលបលួចឆ្លងដែន ដោយខុសច្បាប់។ផ្សព្វផ្សាយទៅ ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីហាមឃាត់កុំឱ្យពួកគាត់រុករុលនៅតាមភូមិសាស្ត្រ កងទ័ពឈរ ជើង ដូចជា ការបរ បាញ់សត្វ ជីកដំឡូង ជីកទំពាំង ពីព្រោះជាតំបន់ មានមីន។ប្រសិនជាឃើញពួកគាត់ត្រូវឃាត់ខ្លួនរួច បញ្ជូនមក តាមរយៈ កងកម្លាំង ទៅវិញទៅមក ពីព្រោះពួកគាត់មិនទាន់យល់នូវអ្វីជា តំបន់ គ្រោះថ្នាក់ ឬតំបន់ហាមឃាត់នោះឡើយ ។
បន្ទាប់ពីជំនួបរវាងកងកម្លាំងនៃប្រទេសទាំងពីរបានបញ្ចប់ភាគីទាំងពីរ បានជូនវត្ថុអនុស្សាវរីយ៍ ពិសារអាហារសាមគ្គី ព្រមជាមួយនឹងការ ប្រកួត កីឡា ជាលក្ខណៈមិត្តភាពផងដែរ៕អត្ថបទនិងរូបភាព៖សួន លីណា