លោក ពូទីន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសមាជិកអង្គការណាតូ

អង់ការ៉ា៖ ប្រមុខការទូតតួកគី នៅថ្ងៃចន្ទនេះ បានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ទេ។

រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ប្រាប់ស្ថានីយទូរទស្សន៍រដ្ឋ TRT Haber ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ក្នុងពេលឆាប់ៗនេះ នឹងផ្តល់ឱ្យយើងនូវឱកាសដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន។ លោក Fidan និយាយថា វិស័យថាមពល បញ្ហាសង្គ្រាមនៅហ្គាហ្សា ផ្លូវពាណិជ្ជកម្មសមុទ្រខ្មៅ និងស៊ីរី នឹងស្ថិតក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅតួកគី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានឱ្យដឹងថា ថ្ងៃទី១២ ខែកុម្ភៈខាងមុខ ទំនងជាកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន។ តួកគីនឹងក្លាយជាសមាជិកអង្គការណាតូដំបូងគេ ដែលលោក ពូទីន ធ្វើទស្សនកិច្ច ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ជាពេលចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់លោកនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានព្យាយាមរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយ ទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដោយអនុញ្ញាតឱ្យរុស្ស៊ីជៀសវាងការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការលក់អាវុធទៅឱ្យអ៊ុយក្រែន។

ជំនួបចុងក្រោយរវាងលោក ពូទីន និងលោក អឺដូហ្កាន់ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងសូឈី ហើយបន្ទាប់មក មេដឹកនាំទាំងពីរតែងតែរក្សាការសន្ទនាគ្នាតាមទូរស័ព្ទ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner