ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ចូលរួមលើកកម្ពស់សិទ្ធិកុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ មានប្រសាសន៍ បញ្ជាក់ឲ្យដឹង ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនរដូវកាលទី៨ AIA – ISF Youth League ដែលធ្វើឡើង កាលពីចុងសប្តាហ៍ថា ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League រៀបចំឡើង ក្រោមកិច្ចសហការដ៏យូរអង្វែងរវាងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ ក្នុងគោល បំណងផ្តល់លើកកម្ពស់សិទ្ធិកុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា ជាពិសេសកុមារ និងយុវជន ដែលជួប ភាពខ្វះខាត ដោយជួយកាត់បន្ថយឧបសគ្គ ដែលរារាំងពួកគេមមិនឲ្យបញ្ចេញសមត្ថភាព ឬទទួលបាន ឱកាសរំដោះខ្លួនពីភាពក្រីក្រ ។

លោកស្រីថា ការប្រកួតបាល់ទាត់វិលជុំនេះជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជនមកពី ស្ថានភាពផ្សេងគ្នា ដែលក្នុងនោះមានយុវជនដែលមិនមានឱកាសបានមកចូលរួមលេងកីឡាបាល់ទាត់ ស្វែងរកសក្តានុពលរបស់ខ្លួន តាមរយៈការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព ជំនាញបំណិន ជីវិត និងសុខមាលភាពថែមទៀតផង ។

លោក ស្រី អះអាងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនរដូវកាលទី៨ AIA – ISF Youth League ប្រើប្រាស់កីឡាបាល់ ទាត់ជាមធ្យោបាយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព និងជំនាញសំខាន់ៗផ្សេង ទៀត ។ ការប្រកួតបាល់ទាត់វិលជុំនេះមិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ តែវាគឺជាឱកាសដ៏កម្រមួយ សម្រាប់កុមារនិងយុវជនជួបភាពខ្វះខាត អាចបង្កើនចំណេះដឹងទាក់ទងនឹង ជំនាញបំណិនជីវិត និងយល់ ដឹងពីសង្គម និងទទួលបានភាពសប្បាយរីករាយពីការលេងកីឡាផងដែរ ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតនេះ បានបង្កើតនូវបរិស្ថានមួយដ៏សុវត្ថិភាពជម្រុញដល់ការរៀនសូត្រ ក៏ដូចជាពិភាក្សាពីបញ្ហាសង្គម ដែលកើតឡើង ក្នុងជីវិតរបស់កុមារ និងយុវជនទាំងនោះដូចជា ការប្រើប្រាស់គ្រឿងញៀន ការជួញដូរខុសច្បាប់ អំពើហិង្សា ក្នុងគ្រួសារ ល្បែងស៊ីសង និងសមភាពយេនឌ័រជាដើម ។ កុមារ និងយុវជន ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ទទួលបានឱកាសដ៏វិសេសវិសាលចូលរួមប្រកួតប្រជែងក្នុងកីឡា ដោយជាមួយគ្នានេះដែរ ពួកគេក៏បាន អភិវឌ្ឍជំនាញសំខាន់ៗដូចជា៖ ការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេចចិត្ត និងភាពធន់ ទ្រាំជាដើម ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៤នេះ នឹងប្រារព្ធទៅក្នុងខេត្តក្រុងចំនួនបី រួមមាន៖ រាជធានីភ្នំពេញ ក្រុងកំពត និងខេត្តបន្ទាយមានជ័យ សរុបចំនួន ១៣៥ក្រុម ។សម្រាប់រាជធានីភ្នំពេញ បើកការប្រកួតថ្ងៃទី៤ . ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ – នៅក្រុងកំពត និង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ – បើកការប្រកួត នៅខេត្តបន្ទាយមានជ័យ ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner