ជប៉ុន ប្រកាសរើសពលករជំនាញពីកម្ពុជា ប្រាក់ខែ ១៥០០ ដុល្លារ
ភ្នំពេញ៖ដើម្បីដោះស្រាយតម្រូវការទីផ្សារការងាររបស់ខ្លួន ប្រទេសជប៉ុន ប្រកាសជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ផ្នែកថែទាំមនុស្សចាស់ សំណង់ សម្អាតអគារ និងការងារនៅភោជនីយដ្ឋាន។ ការប្រកាសរើសនេះជាផ្នែកមួយនៃផែនការជ្រើសរើសពលករជំនាញពីកម្ពុជា សម្រាប់ឆ្នាំ ២០២៤។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ ពលករជំនាញផ្នែកសំណង់ជាមធ្យមទទួលបានប្រាក់ខែចន្លោះ១ ៥០០ ទៅ ១ ៦០០ ដុល្លារអាមេរិក។ នេះបើយោងតាម ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជារៀងរាល់ឆ្នាំ ជប៉ុនត្រូវការពលករជំនាញកម្ពុជាប្រហែល ៤០០០នាក់ ដើម្បីបម្រើការក្នុងផ្នែកថែទាំមនុស្សចាស់, សំអាតអគារ, ផលិតគ្រឿងបន្លាស់, ផលិតគ្រឿងម៉ាស៊ីន, ផលិតគ្រឿងអគ្គិសនី និងអេឡិចត្រូនិច, ផលិតនាវា, ជួសជុល និងតម្លើងរថយន្ត, រៀបចំបន្ទប់ស្នាក់នៅ, កសិកម្ម, ការងារនៅភោជនីយដ្ឋាន ផលិតអាហារ និងភេសជ្ជៈ។
គិតត្រឹមឆ្នាំ២០២៣ មានពលករកម្ពុជា ជាកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងធ្វើការនៅប្រទេសជប៉ុនចំនួនជាង ២ម៉ឺននាក់។
គួររំលឹកថា កម្ពុជាចាប់ផ្តើមបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមានសមត្ថកិច្ចជប៉ុន។ គំនិតផ្តួចផ្តើមទ្វេភាគីនេះមិនត្រឹមតែដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ប្រទេសជប៉ុន និងផ្តល់ឪកាសការងារដល់កម្មករកម្ពុជាប៉ុណ្ណោះទេ លើសពីនេះ វាបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងជប៉ុន និងកម្ពុជា សម្រាប់វិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍កម្លាំងពលកម្ម៕
ដោយ៖ឡុង គីមម៉ារីតា