ឧបនាយករដ្ឋមន្រ្តី៖កំណែទម្រង់របស់ក្រសួងមហាផ្ទៃផ្តោត លើគោល ដៅបីសំខាន់
ស្ទឹងត្រែង៖ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា, ក្រសួង មហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនិងវិស័យសន្តិសុខ ដោយផ្តោតលើ គោលដៅបីសំខាន់។នេះជាបញ្ជាក់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្នុងឱកាស អញ្ជើញ សម្ពោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គ បណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលា នគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមអភិសន្តិបណ្ឌិតបន្តថា គោលដៅបីសំខាន់នោះគឺៈទី១-ការ បណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ កងកម្លាំងនគរ បាល ជាតិក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ, ទី២-ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាល កម្ពុជា និងសាលានគរបាលជាតិភូមិភាគនានា ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់ គាំទ្រដល់កិច្ច ប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តីនគរបាលជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាល កម្ពុជា និងសាលានគរបាលជាតិភូមិភាគ១ ដែលមាន ការអភិវឌ្ឍ យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងប្រកបដោយមោទនភាព ដើម្បី បំពេញបានតម្រូវការ ជាក់ស្តែងនៃការងារបណ្តុះ បណ្តាលធនធាន មនុស្ស ព្រមទាំងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែល បានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា និងសាលានគរបាលជាតិភូមិភាគនានា ។
សូមជម្រាបថា សមិទ្ធផលដែលសម្ពោធរួមមាន ផ្លូវបេតុង ប្រវែង ១,២៩៥ ម៉ែត្រ ប្រព័ន្ធលូរំដោះទឹកប្រវែង១,៧៣៤ម៉ែត្រ ទីធ្លាសម្រាប់ ហ្វឹកហាត់និងគោរពទង់ជាតិទំហំ១,៦៦៩ម៉ែត្រការ៉េ និងចំណត រថយន្តទំហំ៩៧៤ម៉ែត្រការ៉េ ។
ដោយឡែកសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ ទី១៧ លើកទី២ ក្នុងពិធីបិទវគ្គនេះមានចំនួន១៧៧នាក់ ។ក្នុងនេះ មកពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ,ស្នងការខេត្តក្រចេះ ,ខេត្តរតនគិរី ,មណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ៕
ដោយ៖ ដេង ម៉ាវិន