គ.ជ.ប សម្រេចបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន ៣ (បី) រួមមាន ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានខ្លឹមសារបដាអប់រំបោះពុម្ពបិទផ្សាយនៅទីនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់អំពីការបោះឆ្នោត។ មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង ៣ (បី) ខេត្តនេះ ដំណើរការក្រោមជំនួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងបច្ចេកទេសរបស់ជំនាញការប្រចាំនៅ គ.ជ.ប ដែលមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា។
ការឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ស្ប៉តវីដេអូអប់រំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងខ្លឹមសារសង្ខេបសៀវភៅអំពីដំណើរការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារទាំងនោះ រួចបានសម្រេចដូចខាងក្រោម៖
១.ឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន ៣ (បី) រួមមាន ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានខ្លឹមសារបដាអប់រំបោះពុម្ពបិទផ្សាយនៅទីនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់អំពីការបោះឆ្នោត។ មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង ៣ (បី) ខេត្តខាងលើ ដំណើរការក្រោមជំនួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេសរបស់ជំនាញការប្រចាំនៅ គ.ជ.ប ដែលមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា។
២.ឯកភាពលើខ្លឹមសារ និងរូបភាពវីដេអូអប់រំចំនួន ២ (ពីរ) រឿង៖
•រឿងអប់រំខ្លី មានចំណងជើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
•រឿងអប់រំ និងបណ្តុះបណ្តាលអំពីនីតិវិធីស្តីពី ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
៣.ឯកភាពជាគោលការណ៍លើខ្លឹមសារសង្ខេបសៀវភៅអំពី ដំណើរការបោះឆ្នោតនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ត្រូវពន្យល់ណែនាំដល់មន្ត្រីការិយាល័យបោះឆ្នោតឱ្យបានច្បាស់លាស់អំពីការប្រគល់ ការទទួល និងការរក្សាទុកសម្ភារៈ ឯកសារបោះឆ្នោតសំខាន់ៗ នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានចំនួន ៣៣ការិយាល័យ ដែលទីតាំងការិយាល័យបោះឆ្នោតទាំងនោះមាននៅទីប្រជុំជន រាជធានី ខេត្ត ទាំង២៥។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោតមានចំនួនសរុប ១១.៧៤៧ នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប