រកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ ពូជ មួយ ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង
(ភ្នំពេញ)៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកដល់ជិតពាក់កណ្តាលខែកុម្ភៈនេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួងឬសរសៃនៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្ស សត្វព្រៃ(WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក មានពងសរុបចំនួន ២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង ។
អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)បានឱ្យដឹងនៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ថា បើយោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពី ស្រះ បង្កាត់ ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹកទៀបភ្លឺ។ នេះគឺជាឆ្នាំទី៤ ហើយដែលមេពូជ អណ្តើក ហ្លួងបានទម្លាក់ពង នៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ក្រុមការងាររំពឹងថា នឹងរកឃើញពង អណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌលនេះ បន្ថែមទៀតក្នុងរដូវពងកូន ឆ្នាំ២០២៥នេះ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមិនា។

គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ តួយ៉ាងអណ្ដើក ហ្លួងចំនួន ២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលនៅក្នុង នោះ មានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន១១៨ក្បាលផងដែរ។ ការបង្កាត់ ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ។
សូមរំលឹកដែរថាសត្វអណ្ដើកហ្លួងឬអណ្ដើកសរសៃស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង២៥ប្រភេទលើសកលលោកដែលកំពុងប្រឈមនឹងការផុតពូជ និងត្រូវ បាន កត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ២០០៥៕




ដោយ៖ម៉ាដេប៉ូ