រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការកែច្នៃផលិតផលកសិកម្មដើម្បីឆ្លើយតបទៅនឹងទីផ្សារ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការកែច្នៃផលិតផលកសិកម្ម ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ។ពិសេសអាចនាំចេញលក់ទាំងក្នុងស្រុក និងក្រៅប្រទេស។ទាំងនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលរួមក្នុងពិធីដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួងកសិកម្មនានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់។

ឯកឧត្តម ឌិត ទីណាមបានបន្តថា”ក្រសួងសូមលើកទឹកចិត្តការវេចខ្ចប់ ដោយការប្រើប្រាស់នូវទំនិញវេចខ្ចប់បែបក្នុងស្រុកយើង។កន្លែងខ្លះថែមទាំងបានយកឬស្សីមកក្រង ដែលនេះបង្ហាញថាយើងប្រើប្រាស់ធនធានក្នុងស្រុកយើងទាំងអស់”។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថាមក្រសួងបានលើកស្ទួយ និងដោះស្រាយជូនដល់ប្រជាកសិករនូវផលិតផលកសិកម្ម សំដៅធ្វើយ៉ាងណាឱ្យកសិកររកទីផ្សារបានល្អប្រសើរជាងមុន និងពិសេសទាំងគុណភាពផលិតផលក៏កាន់តែជាទីទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ។

លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងដែរថាការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងបន្លែសរីរាង្គមគឺចង់បង្ហាញឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយ ពីដំណាំកសិកម្មយើងបានដើរដល់ណាហើយ ។ជាមួយគ្នាសំខាន់នៅថ្ងៃនៃសេចក្តីស្រឡាញ់នេះដែរចង់ឱ្យពលរដ្ឋដែលធ្លាប់តែទិញបាច់ផ្កាជូនដល់មនុស្សជាទីស្រឡាញ់ ងាកមកទិញបាច់បន្លែផ្លែឈើដែលជារបស់មានសុវត្តិភាព និងគុណភាព ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនវិញ។
លោកជំទាវបានបន្តថា ឆ្នាំនេះគឺជាឆ្នាំទី២នៃការតាំងបង្ហាញផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ។ក្នុងឆ្នាំនេះធំ និង ច្រើនជាងមុន ដោយមានចំនួនសរុប២១ស្តង់។កាលពីឆ្នាំមុនមានដាក់តាំងបង្ហាញតែ បន្លែសុវត្ថិភាព និងសរីរាង្គទេ តែឆ្នាំនេះមានដាក់លក់ផលិតផលទាក់ទិនកសិកម្មជាច្រើនទៀតដូចជាត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវជាដើម។

មន្រ្តីនាំពាក្យរូបនេះបានបន្ថែមថា”ការដាក់តាំងបង្ហាញពីផលិតផលកសិកម្មទាំងនេះគឺបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រសួងដែលគាំទ្រទៅដល់សហគ្រាសទាំងឡាយដែលផលិតផលកសិកម្មដែលមានគុណភាពនិងសុវត្តិភាព”។

ក្រសួងកសិកម្មបានឱ្យដឹងថា ដាក់តាំងលក់ផលិតផលកសិកម្ម បន្លែសុវត្ថិភាព និងសរីរាង្គ ក្នុងឆ្នាំនេះមានចំនួន កើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។ គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។

   ក្រសួងបានបន្តឱ្យដឹងថា ការផ្តល់ជូនបាច់បន្លែឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងសហគ្រាសកែច្នៃផលិតផលកសិកម្មឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋទូទៅ ពិសេសធានាបាននូវសុវត្ថិភាព និងសុខុមាលភាពអ្នកបរិភោគ៕អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖លោក វ៉េងលឹមហ៊ួត
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner