ថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥។
គ.ជ.ប បានបន្តថា តាមការកត់សម្គាល់ សកម្មភាពផ្សេងៗរបស់គណបក្សនយោបាយសម្រាប់ថ្ងៃនេះ មានជាអាទិ៍៖
-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅតាមភូមិភាគនានា លើកលែងតែភូមិភាគទី៣ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយអំពីគោលនយោបាយ និងសារនយោបាយនៅតាមទីស្នាក់ការគណបក្ស។
-គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង។
-គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត និងខេត្តព្រះសីហនុ។
ដោយឡែក គណបក្សកម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ។
គ.ជ.ប បានបញ្ជាក់ថា ជាទូទៅ ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រយៈពេល៦ថ្ងៃមកនេះ គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្ស មានភាពចាស់ទុំ និងបានរៀបចំការឃោសនាប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល មានអ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង សរុបចំនួន ១១,៧៤៧ នាក់ ដែលបែងចែកជា ៨ភូមិភាគ និង ៣៣ការិយាល័យបោះឆ្នោត៕
