ប្រជាសហគមន៍ភ្នំទំព័រប្រកបមុខរបរកសិកម្ម និងមួយផ្នែកពឹងអាស្រ័យលើវិស័យទេសចរណ៍ធម្មជាតិ
ខេត្តពោធិ៍សាត់៖ ភ្នំទំព័រ ឬអ្នកស្រុកមួយចំនួនហៅថា ភ្នំសំព័រនោះ គឺជាភ្នំ ក្នុងចំណោមភ្នំដែលខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ភ្នំទំព័រស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ មានចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីភ្នំពេញ។ សព្វថ្ងៃនេះភូមិទំព័រស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងក្រោមការគ្រប់គ្រងរបស់សហគមន៍ការពារធម្មជាតិភូមិទំព័រដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា ។
លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថាប្រជាសហគមន៍របស់លោកមានចំនួនសរុប ១២០គ្រួសារ ។ បច្ចុប្បន្នភាគច្រើនពួកគាត់បានប្រកាន់មុខរបរកសិកម្ម ក្នុងនេះដូចជា ដំឡូង ពោត ដាំស្ពៃក្តោប ល្ហុង ទុរេន ចេក ខ្នោរជាដើម ។ ក្រៅពីនេះពួកគាត់ក៏មាន ចិញ្ចឹមសត្វ ដូចជាគោ មាន់ទា ដើម្បីរកចំណូលបន្ថែមផងដែរ ។ ចំណែកប្រជាសហគមន៍ខ្លះទៀតក៏បានអាស្រ័យទៅលើសេវ៉ាទេសចរណ៍ និងមួយចំនួន ក៏បានពឹងអាស្រ័យទៅលើអនុផលព្រៃឈើ ដូចជារកផ្សិត រកបន្លែ ទឹកឃ្មុំ ក្នុងព្រៃធម្មជាតិជាដើម។
ប្រធានសហគមន៍រូបនេះបានប្រាប់ផងថា”កសិករបានដាំដំណាំជាគោលដ៏សំខាន់ក្នុងការរកប្រាក់ចំណូលគឺដំឡូងមី និងពោត។ក្រៅពីនេះដំណាំបន្ទាប់បន្សំដទៃទៀតដូចជាល្ហុង ចេក ទុរេននិងបន្លែក៏មានច្រើនគ្រួសារដាំដែរដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ”។
ជាមួយគ្នានេះលោកបានឱ្យដឹងផងថាសម្រាប់វិស័យទេសចរណ៍ក្នុងឆ្នាំនេះបានថមថយចុះដោយសារតែតំបន់ទឹកលេងកម្សាន្តសម្រាប់ភ្ញៀវទេសចរមួយចំនួនត្រូវបានទឹកហូរកាត់ផ្តាច់ និងខ្លះទៀតទទួលរងការខូចខាត។ក្នុងឆ្នាំ២០២៤នេះមានភ្ញៀវបានមកចូលកម្សាន្តខ្លះៗដែរតែមិនច្រើនដូចកាលពីមុនដោយសារតំបន់ទេសចរណ៍ទឹកធ្លាក់មួយចំនួនដូចជាទំនប់កំពង់ចម្លងបានត្រូវទឹកហូរកាត់ផ្តាច់បំផ្លាញធ្វើឱ្យរដូវប្រាំងអស់ទឹក។ក្រៅពីនេះតំបន់ទឹកធ្លាក់មួយចំនួននៅទីកន្លែងនេះក៏ត្រូវហូរដាច់ធ្វើឱ្យភ្ញៀវទេសចរអស់ទឹកលេងកម្សាន្តនៅរដូវប្រាំងដូចគ្នា។
លោកប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានបញ្ជាក់ប្រាប់ដែរថាភ្នំទំព័រ មានទេសភាពជ្រលងភ្នំដ៏ស្រស់ត្រកាលហ៊ុមព័ទ្ធដោយកូនភ្នំតូចៗ ផ្ទាំងថ្មធំ,ដើមឈើតូចធំ, វាលស្មៅ និងទឹកធ្លាក់ជាដើម។ ទស្សនីយភាពធម្មជាតិទាំងអស់នេះហើយ ដែលជាចំណុចទាក់ទាញខ្លាំងសម្រាប់ទេសចរដើរឡើងភ្នំ។
ប្រធានសហគមន៍រូបនេះឱ្យដឹងដែរថា ចំពោះការដើរកម្សាន្តលើភ្នំទំព័រមាន២ដំណាក់ មុននឹងឡើងទៅដល់កំពូលភ្នំ។ ក្នុងនេះដំណាក់ទី១មានទេសភាព មានព្រៃឈើ និង ដើមឈើធំៗសម្រាប់ទស្សនា ចំណែកដំណាក់ទី២ មានព្រៃស្តុកគេអាចមើលទេសភាពយ៉ាងស្រស់ស្អាតពីកំពូលភ្នំ និងមានទឹកហូរឆ្លងកាត់គ្រប់រដូវកាល។ ក្នុងគ្រប់ដំណាក់នេះអ្នកទេសចរអាច បោះជំរំក្នុងព្រៃ ស្ដាប់សំលេងសត្វព្រៃ ជាមួយអាកាសធាតុដ៏ត្រជាក់ អង្គុយមើលថ្ងៃរះ ព្រះអាទិត្យលិចដែលផ្តល់នូវក្តីរីករាយយ៉ាងពន់ពេក ។ ក្រៅពីឡើងទៅលើភ្នំទំព័រ អ្នកទេសចរ ក៏អាចចូលមកលេងកំសាន្ដទឹកស្ទឹងជាប់ជើងភ្នំ ថតរូបទេសភាពទឹកធ្លាក់ ចំការជើងភ្នំរបស់អ្នកស្រុក និងបរិភោគអាហារក្នុងតំបន់របស់សហគមន៍យ៉ាងឆ្ងាញ់ពិសារ ។
លោក ទេស ថន បានបញ្ជាក់ប្រាប់បន្ថែមថាសហគមន៍ទេសចរណ៍បែបផ្សងព្រេងកន្លែងនេះក្រៅពីមានភ្នំទំព័រ នៅក្បែរទីកន្លែងនេះក៏មានភ្នំមួយទៀតឈ្មោះដាឡៃ ក៏ជាកន្លែងទេសចរណ៍ដែលបានទាក់ទាញភ្ញៀវទេសចរមិនតិចដូចគ្នា។នៅតំបន់ភ្នំនេះក៏មានទេសភាព សត្វព្រៃ និងទីកន្លែងទឹកធ្លាក់កម្សាន្តគួរជាទីរីករាយដល់អ្នកទេសចរចូលកម្សាន្តមិនចេះនឿយណាយសោះឡើយ។
លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានបញ្ជាក់ប្រាប់បន្ថែមថា៖”ភូមិទំព័រទាំងមូលដែលមានផ្ទៃដីសរុបប្រមាណជា ៤៦០ហិចតា មានសណ្ឋានដីខ្ពស់ទាប មានស្ទឹងមួយជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់ការប្រកបរបរកសិកម្ម របស់អ្នកស្រុក ។ អ្នកស្រុកនៅកន្លែងនេះកាលពីកកើតសហគមន៍ដំបូងនៅឆ្នាំ២០០៦មានចំនួន ៣៧គ្រួសារ ប៉ុន្តែបច្ចុប្បន្នបានកើនចំនួន ១២០គ្រួសារហើយ” ។
គួរបញ្ជាក់ថា ភ្នំទំព័រ ត្រូវបានគេចាត់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិជួរភ្នំក្រវាញ ភាគកណ្ដាលរួមមានខេត្តពោធិ៍សាត់ កោះកុង និងកំពង់ស្ពឺ ដែលជាសក្ដានុពលធនធានធម្មជាតិជីវៈជម្រុះ សត្វព្រៃ និងប្រព័ទ្ធអេកូឡូស៊ីដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ៕
ដោយ ៖ ម៉ាដេប៉ូ





