ក្រសួងការងារ កំពុងបន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន៥៤៥ថ្នាក់ នៅទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹងថា គិតត្រឹម ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស ។

បើតាមឯកឧត្តមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង ៥០០ថ្នាក់នេះ រួមមានវិស័យសំណង់ ១២៥ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២១ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២នាក់។

ឯកឧត្តមបន្ថែមថា ដើម្បីផ្សព្វផ្សាយ និងកៀរគរយុវជន គោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok ព្រមទាំងបានចុះយុទ្ធនាការ ផ្សព្វផ្សាយផ្ទាល់នៅតាមសង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបានបណ្តុះបណ្តាលជនបង្គោល ឱ្យចេះប្រើប្រាស់កម្មវីធីចុះឈ្មោះរៀនតាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាល។

ឯកឧត្តមគូសបញ្ជាក់ថាចាប់តាំងពីការបើកបវេសនកាលជាផ្លូវការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ វិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេសនៅទូទាំង ប្រទេសបាននឹងកំពុងបន្តការបណ្តុះបណ្តាលរបស់ខ្លួនដោយរលូន សិស្សានុសិស្ស ពេញចិត្តក្នុងការសិក្សាជាមួយគ្រូបង្រៀន ដែលមានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាពិសេសនោះវិទ្យាស្ថានមួយចំនួន បានបញ្ជូនសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សា នៅតាមក្រុមហ៊ុនឯកជននានារួចមកហើយ។

ឯកឧត្តមបានអំពាវនាវឱ្យយុវជននៅទូទាំងប្រទេសទាំងអស់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះបន្តទៀត ពីព្រោះគ្រប់វិទ្យាស្ថានបណ្តុះបណ្តាលទាំង អស់នៅទូទាំងប្រទេសនៅតែបន្តទទួលពាក្យសិស្សចុះឈ្មោះចូលរៀនជារៀងរហូត។ យុវជនទាំងអស់ អាចទាញយកកម្មវិធីចុះឈ្មោះចូលរៀន តាមរយៈទូរស័ព្ទ (TVET 1.5M) ឬស្វែងរកព័ត៌មាន នៃការចុះឈ្មោះចូលរៀននៅតាមវិទ្យាស្ថានបណ្តុះ បណ្តាល បច្ចេកទេសនៅជិតផ្ទះខ្លួន ឬទូរស័ព្ទមកលេខ ១២៩៧ សម្រាប់ ព័ត៌មានបន្ថែម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner