មនុស្សរាប់ម៉ឺននាក់ចុះចាប់ត្រីនៅក្នុងបឹងត្រពាំងក្រម ដែលមានប្រវត្តិជាង ២០០ឆ្នាំ
ត្បូងឃ្មុំ៖ ជារៀងរាល់ឆ្នាំនៅរដូវទឹកសម្រកនិងបន្ទាប់ពីកសិករធ្វើការប្រមូលផលរួចរាល់ ប្រជាជននៃភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែងមានទម្លាប់ជាប្រពៃណីមួយដែលគេឱ្យឈ្មោះថា “ពិធីចាប់ត្រីត្រពាំងក្រម ឬពិធីយកក្រម” ។ជារឿយៗជាពិធីនេះគេតែងប្រារព្ធនៅខែមាឃនៃចន្ទគតិ ដែលជាពេលវេលាសមស្របសម្រាប់អ្នកភូមិ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_12-20-36-2-1024x576.jpg)
បើនិយាយអំពីប្រវត្តិនៃទំនៀមទម្លាប់នៃពិធីនេះវិញ មិនសាមញ្ញពេកទេ ព្រោះត្រូវបានអ្នកភូមិសាទុំអនុវត្តជិត២០០ ឆ្នាំមកហើយ។ពោលពិធីចាប់ត្រីត្រពាំងក្រម ខកខានធ្វើតែក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩។ ប្រពៃណីដែលមានប្រវត្តិយូរលង់មកហើយនោះ បានប្រារព្ធធ្វើឡើងវិញចាប់ពីប្រទេសបានរំដោះពីរបបខ្មែរក្រហម។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_12-20-40-2-1024x576.jpg)
ពិធីចាប់ត្រីត្រពាំងក្រមឬពិធីយកក្រម មានរយៈបីថ្ងៃ។ក្នុងនេះ មានពិធីសែនម្ចាស់ទឹកម្ចាស់ដី។ក្នុងថ្ងៃទីមួយនិងថ្ងៃទីពីរ អ្នកភូមិជួបជុំញាតិមិត្តជិតឆ្ងាយលេងកម្សាន្តនិងបង្កើតភាពសប្បាយរីករាយផ្សេងៗដូចជា ការច្រៀងរាំមួយយប់ទល់ភ្លឺជុំវិញបឹងត្រពាំងក្រមជាដើម ។ថ្ងៃទីបី ទើបគេជួបជុំចុះចាប់ត្រីក្នុងត្រពាំងក្រមនេះតែម្តង។ អ្វីដែលជាលក្ខខណ្ឌក្នុងការនេសាទ គឺតម្រូវឱ្យ ដែលចូលរួមទាំងអស់ប្រើប្រាស់តែឧបករណ៍នេសាទបុរាណ ដែលមាន អង្រុត ឈ្នាង ត្រក ក្អុះ តែប៉ុណ្ណោះ។ ដោយឡែកក្នុងឆ្នាំ២០២៤ ពិធីចាប់ត្រពាំងក្រមបានប្រព្រឹត្តធ្វើពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_12-20-43-2-1024x576.jpg)
លោក ស្រេង លី អភិបាលស្រុកមេមត់ ប្រាប់ឱ្យដឹងថា ពិធីចាប់ត្រីត្រពាំងក្រមមានប្រវត្តិជិត២០០ឆ្នាំមកហើយ។ពិធីនេះ បានអាក់ខានក្នុងរបបប៉ុលពតម្តង និងនៅក្នុងពេលឆ្លងកូវីដម្តង ដោយសារតែមិនអាចជួបជុំគ្នាបាន។ លោកបានបន្តថា ពិធីចាប់ត្រីបែបបុរាណក្នុងត្រពាំងក្រមនេះ ប្រារព្ធធ្វើឡើងដើម្បីថែរក្សា អភិរក្សនូវវប្បធម៌ប្រពៃណីរបស់អ្នកភូមិ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_12-20-47-2-1024x576.jpg)
ងាកមកឈ្វេងយល់ពីត្រពាំងក្រមនេះវិញ លោក ម៉ើ ហាប់ ប្រធានត្រពាំងក្រម បានឱ្យដឹងថា បឹងត្រពាំងក្រមមានទំហំមួយហិកតា ចំពោះប្រជាពលរដ្ឋមកចាប់ត្រី គឺមានឧបករណ៍របៀបបុរាណ រួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប។ ត្រីដែលមានក្នុងត្រពាំងនេះ មានដូចជា ត្រីរ៉ស់ ត្រីឌៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីផ្ទក់ ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ជាដើម។
លោកបន្តថាក្នុងមួយឆ្នាំអនុញ្ញាតឱ្យបងប្អូនចាប់បានតែម្ដងទេ។ ផុតពីថ្ងៃប្រារព្ធពិធីចាប់ត្រី គឺមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកនោះឡើយ។ ធ្វើបែបនេះគឺដើម្បីការពារត្រីបឹងធម្មជាតិរបស់យើង។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_12-20-57-2-1024x576.jpg)
លោក ម៉ៅ សារ៉េត ដែលជាចាស់ទុំម្នាក់ក្នុងភូមិសាទុំ បានរៀបរាប់ពីប្រវត្តិនៃពិធីចាប់ត្រីត្រពាំងក្រមនេះ ។លោកក៏បានចូលរួមជារៀងរាល់ឆ្នាំដែរ។ លោកនិយាយថា សម្រាប់ឆ្នាំនេះ ពិសេសជាងឆ្នាំមុនៗ ព្រោះមានការគាំទ្រពីរដ្ឋបាលខេត្តត្បូងឃុំ អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីផ្នែកពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន ដោយមានការប្រគំតន្រី្តដ៏ធំ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចាប់ត្រីបានច្រើនជាងគេ និងទទួលបានប្រាក់រង្វាន់ ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ផងដែរ ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_12-21-09-2-1024x576.jpg)
ពិធីចាប់ត្រីត្រពាំងក្រមឆ្នាំ២០២៤ បានបញ្ចប់ដោយស្នាមញញឹមនៃអ្នកចូលរួមមកពីគ្រប់ទិសទីប្រមាណ១០ម៉ឺននាក់ ប្រកបដោយស្មារតីសាមគ្គី,ស្មារតីការពារនិងអភិរក្សធនធានធម្មជាតិ ការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ។ម្លប់នៃសន្តិភាពអនុញ្ញាតឱ្យព្រឹត្តិការណ៍នៅភូមិសាទុំ កាន់តែសប្បាយរីករាយ៕
អត្ថបទ៖អ៊ួន ស្រីរុំ