សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសួរសុខទុក្ខលោក ថាក់ស៊ីន នៅ ទីក្រុងបាងកក
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តី កម្ពុជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ កាល ពីព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤បាន អញ្ជើញ ទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដែលជាបងធម៌ដល់គេហដ្ឋាន។សម្ដេចតេជោបានអញ្ជើញនិវត្តន៍នៅរសៀលថ្ងៃដដែល។
លើបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ “ឯកឧត្តម ថាក់ស៊ីន ទោះបីមានជម្ងឺ ក៏បាន ទទួលយើង ក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ដើម្បីពង្រឺង ចំណងមិត្តភាពខ្ញុំបានអញ្ជើញអ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៤និងទី១៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខ” ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា “អតីតនាយករដ្ឋមន្ត្រីពីរនាក់ ជួប គ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹក អនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរ តាំងពីឆ្នាំ១៩៩២មក ។អរគុណបងប្រុសនិងក្មួយស្រីដែលបាន ទទួល ខ្ញុំ នៅថ្ងៃនេះ”។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អតីត នាយក រដ្ឋ មន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែង ឱ្យមាន សេរីភាពមុនកាលកំណត់បន្ទាប់ជាប់ឃុំឃាំង រយៈ ពេល ប្រមាណ ៦ខែ ក្រោយការធ្វើមាតុភូមិនិវត្តន៍។
ដោយឡែកសម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ ទំនងយ៉ាងល្អ និងបានរាប់អានគ្នាជាបង ប្អូនធម៌ តាំងពី ឆ្នាំ១៩៩២ មុន ពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។
បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាង ជិត ស្និទ្ធជា មួយ សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតេជោតែងតាំងជាទីប្រឹក្សាថែម ទៀតផង៕
ដោយ៖វណ្ណលុក