៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន ១០០០នាក់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ៖ ដោយសារកំណើន អ្នកជំងឺគ្រុនឈាម មានការកើនឡើងគួរឱ្យព្រួយបារម្ភ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំជាមួយមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និង អភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាមនេះ ។

នៅក្នុងកិច្ចប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានី ភ្នំពេញ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញ ជម្ងឺគ្រុនឈាមបានកើតឡើងគួរឲ្យព្រួយបារម្មណ៍ដែលទាមទារឲ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺ អនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម ។

ឯកឧត្តមអភិបាលរាជធានី ជំរុញអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។

លោក ងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន ១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ៕

ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner