ក្រសួងទេសចរណ៍ និង WWF ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមពីលោកស្រី Bella Roscher ប្រធានអភិវឌ្ឍន៍បណ្តាញសកលនៃស្ថាប័ន World Wide Fund for Nature (WWF) នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើកាលានុវត្តភាពក្នុងអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តភាព ភាពធន់ និងការពារធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន បានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ក្រោមរដ្ឋាភិបាល អាណត្តិទី៧នេះ ក្នុងការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបគុណភាពកម្រិតសកលលោក ។

ឯកឧត្តមបានបញ្ជាក់ថា ចក្ខុវិស័យក៏បានផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព និងទេសចរណ៍បៃតង (Green Tourism) ដោយកំណត់អាទិភាពលើការអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការប្រើប្រាស់ថាមពល តាមរយៈការជំរុញអេកូទេសចរណ៍ ទេសចរណ៍សហគមន៍ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ លើសពីនេះទៀត ការសម្រេចបាននូវចក្ខុវិស័យនេះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលអាចធ្វើឡើងទៅបានក្រោមយន្តការភាពជាដែគូរវាងស្ថាប័ន និងឯកជន តាមរយៈការចូលរួមជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីពេលថ្មីនេះ។

លោកស្រី Bella Roscher បានបង្ហាញពីភាពរំភើបដែលបានឃើញនៅសក្តានុពលទេសចរណ៍ធម្មជាតិកម្ពុជា ដែលមានភាពសម្បូរបែប និងមានការការពារបានប្រសើរ និងកោតសរសើរដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលមានភាពឆាប់រហ័សក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្នុងរយៈពេល ០៦ខែមកនេះ។

លោកស្រីបានបង្ហាញពីចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ថាប័ន WWF តាមរយៈគម្រោង “ការកសាងឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន និងមិនប៉ះពាល់អាកាសធាតុ” ក្នុងការជំរុញការស្តារវិស័យទេសចរណ៍កម្ពុជាអោយកាន់តែប្រសើរឡើងវិញ (Build Back Better) បន្ទាប់ពីវិបត្តិកូវីដ-១៩។ គម្រោងនេះបានចាប់ផ្តើមអនុវត្តកាលពីឆ្នាំ២០២២ ដោយប្រើប្រាស់មូលនិធិទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស ដែលបានជួយបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងដល់សណ្ឋាគារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនី (energy efficiency and saving) ដោយជំនួសមកវិញនូវការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ ស្ថាប័ននេះក៏បានជួយជំរុញគោលដៅអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតំបន់មេគង្គលើដែលរួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរីផងដែរជាដើម។

ដោយយល់ឃើញពីចក្ខុវិស័យស្របគ្នា ឯកឧត្តម សុខ សូកេន និងលោកស្រី Bella Roscher បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការអភិវឌ្ឍន៍អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ក្នុងប្រទេសកម្ពុជាប្រកបដោយគុណភាព និរន្តភាព ភាពធន់ និងទទួលខុសត្រូវ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner