សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៉ីម(Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។ ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ គឺជាការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១១ ដែលជាការបន្តបេសកកម្មការទូតឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជន។

យោងតាមការឱ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អមដំណើរសម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅពេលនេះរួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹង ទេសរដ្ឋមន្ត្រី,រដ្ឋមន្ត្រី ,មន្ត្រីរដ្ឋាភិបាលសំខាន់ៗ និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាមួយចំនួនផងដែរ៕ ដោយ៖ពលជ័យ/រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner