ឯកឧត្តម សរ សិទ្ធិ៖ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ’ លើកទី១ ឆ្នាំ២០២៤ បង្កើតឡើងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងលើកឡើងថា ការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ’ លើកទី១ ឆ្នាំ២០២៤ មាន១៥ក្រុមចូលរួមប្រកួតប្រជែង ដោយចែកចេញជាបែងចែកជា ៤ពូលគឺ ពូល A ពូល B ពូល C មាន៤ក្រុម និង ពូល D មាន៣ក្រុម ធ្វើការប្រកួតរយៈពេលជិត១ខែនៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា ឆ្នាំ និងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយពិធីបើក-បិទ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ពានរង្វាន់នេះបង្កើតឡើងក្នុងគោលបំណងរួមចំណែកចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។
លោកថា ការរៀបចំលើកទី១នេះ ការរៀបចំទទួលត្រឹមតែ១៥ក្រុមចំណុះឲ្យក្រសួងមហាផ្ទៃប៉ុណ្ណោះ បើការរៀបចំលើកទី១ទទួលបានជោគជ័យ រដូវកាលទី២អាចនិងបើឱកាសឲ្យក្លិបមកពីក្រៅចូលរួមប្រកួតប្រជែងផងដែរ។ ហើយការប្រកួតក៏នឹងអាចរៀបចំជាទ្រង់ទ្រាយធំជាងលើកទី១ផងដែរ។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្ត្រីរាជការក្រោមឱវាទដោយផ្ដល់អនុសាសន៍ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។
សូមបញ្ជាក់ថា ការពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ’ លើកទី១ ឆ្នាំ២០២៤នេះមានការចូលរួមពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៥ក្លឹប ដែលបានដាក់ពាក្យចូលរួម រួមមាន៖១.ក្លិបខុទ្ទកាល័យឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ២.ក្លឹបអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ៣.ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ
៤.ក្លិបអគ្គនាយដ្ឋានរដ្ឋបាល៥.ក្លឹបអគ្គនាយកដ្ឋានពន្ធនាគារ៦.ក្លឹបអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៧.ក្លឹបបណ្ឌិតសភានគរបាលកម្ពុជា៨.ក្លឹបអគ្គនាយកដ្ឋានអន្តោប្រវេសន៍៩.ក្លឹបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម១០.ក្លឹបក្រុមប្រឹក្សាកីឡាក្រសយងមហាផ្ទៃ១១.ក្លឹបអគ្គាធិការដ្ឋាន១២.ក្លឹបក្រុមប្រឹក្សានីតិកម្ម១៣.ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង១៤.ក្លឹបអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំនិងក្លិបទី១៥.សាលាជាតិរដ្ឋបាលមូលដ្ឋាន៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ