សារៈសំខាន់ នៃធនធានស្រ្តីក្នុងវិស័យបរិស្ថាន
សៀមរាប៖លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានរំលេចឱ្យឃើញពីសារៈសំខាន់ធនធានស្រ្តីក្នុងការអប់រំបរិស្ថាន ។ពិសេសបណ្តុះមនសិកាកុមារតូចៗ យុវជនឱ្យចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព។
លោកជំទាវមានប្រសាសន៍បែបនេះនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជា្របយេនឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើប្រមាណ៤០នាក់មកពីខេត្ដចំនួនប្រាំខេត្ដនៅកម្ពុជា ដែលរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើអាស៊ី(NTFP-EP Asia)នាថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤ នៅខេត្ដសៀមរាប ។ លោកជំទាវបន្តថាការបញ្ជ្រាបយេនឌ័រ មានសារៈសំខាន់ក្នុងគ្រប់វិស័យទាំងអស់ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាថាស្ត្រី បុរស និងក្រុមមនុស្សក្នុងសង្គមគ្រប់ប្រភេទទទួលបានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាៗនៅក្នុងគ្រប់វិស័យនៃជីវិត។
លោកជំទាវបានបន្ដថា នៅក្នុងវិស័យបរិស្ថាន ស្ត្រីទទួលបានការលើកទឹកចិត្តគាំពារ និងគាំទ្រទាំងសមត្ថភាព តួនាទី និងភារកិច្ច ព្រមទាំងបានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបានចូលរួមសកម្មភាពសង្គម ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
លោកជំទាវបន្ថែមថា បច្ចុប្បន្ន ក្រសួងបរិស្ថាន បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ”ថ្ងៃនេះមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការចូលរួមយ៉ាងសកម្មផុលផុស និងជាទីមោទនៈ ពីគ្រប់ភាពគឺ ពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រោងចក្រ សហគ្រាស និងវត្ត អារាម ប្រមាណជាង៤,៥ លាននាក់នៅទូទាំងប្រទេស។ នៅឆ្នាំ២០២០ ក្រសួងបរិស្ថានមានស្ត្រី៤៤រូប ជាមន្ត្រីឧទ្យានុរក្ស ដែលពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា ហើយកំពុងប្រយុទ្ធប្រឆាំងទៅនឹងការទន្ទ្រានយកដី និងបរបាញ់សត្វព្រៃ ។
ជាមួយគ្នានេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ មានស្ត្រី៣នាក់ ជាប្រធានសហគមន៍ និងស្ត្រីចំនួន២៩៩នាក់ ជាសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក៏ដូចជាការ ការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិផងដែរ។
លោកស្រី Miks Guia Padilla ប្រធានអង្គការ កម្មវិធីផ្លាស់ប្ដូរអនុផលព្រៃឈើអាស៊ី មានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ពន្យល់ពីតួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសហគ្រាស ការគ្រប់គ្រង និងក្នុងការងារ អភិវឌ្ឍន៍សហគមន៍ ពិពណ៌នាអំពីស្ថានភាពយេនឌ័រ និងបញ្ហានានានៅក្នុងសហគមន៍មូលដ្ឋាន និងតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់ និងទទួលយក ឧបករណ៏បញ្ញាបញ្ជ្រាបយេនឌ័រ របស់ពួកគេនៅនៅក្នុងការងារ និងក្នុងការអនុវត្តនិងការគ្រប់គ្រងការចិញ្ចឹមជីវិតផ្អែកលើសហគមន៍ព្រៃឈើ និងគម្រោងអភិវឌ្ឍន៍សហគមន៍។លោកស្រីបន្ដថា ការបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញ សម្រាប់ដកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យពួកគាត់ចេះសម្របសម្រួលជាមួយដៃគូរ និងរបៀបកែលម្អយេនឌ័រនៅក្នុងអនុផលព្រៃឈើ។
លោកស្រីបន្ថែមថា អនុផលព្រៃឈើកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកក្មេងជាងគេនៅអាស៊ី។ លោកស្រីបង្ហាញនូវការសប្បាយចិត្ដដែលប្រទេសកម្ពុជា បានបើកទូលាយក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការបញ្ជ្រាបយេនឌ័រ រួមទាំងបញ្ចូលទាំងប្រជាជនសហគមន៍ និងបុគ្គលិករដ្ឋាភិបាលផង៕ ដោយ៖ ស៊ាន សុផាត