ក្រុមសភាយុវពាណិជ្ជករអន្តរជាតិ ៤ពាន់នាក់ នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ៦-៩ មិថុនា
(ភ្នំពេញ)៖ ក្រុមសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ ៤,០០០នាក់មកពីជុំវិញពិភពលោក នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប។
នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សារវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ។

ឯកឧត្តម សុខ សូកេន និង លោក លី ឧត្តម ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក លី ឧត្តម បានបញ្ជាក់ថា «មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ ៤,០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក»។
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន បានបង្ហាញការគាំទ្រចំពោះការរៀបចំមហាសន្និបាតនេះ និងបានចាត់ទុកព្រឹត្តិការណ៍នេះជាការចូលរួមចំណែកយ៉ាងធំក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាប ៕






អត្ថបទ- លោក ចាន់ វិចិត្រ
រូប-ងីម ឆាយហួត