រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌៖ បច្ចុប្បន្ន យុវជនមានសកម្មភាពយ៉ាងផុលផុស ក្នុងការចូលរួមលើកស្ទួយវិស័យវប្បធម៌ជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ន យុវជនជាច្រើន មានសកម្មភាពយ៉ាងផុលផុស ក្នុងការចូលរួមលើកស្ទួយវិស័យវប្បធម៌ជាតិ ។ ឯកឧត្តម ហាប់ ទូច បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំ ទិវាវប្បធម៌ជាតិ ៣ មិនា លើកទី៦ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្ដីការក្រសួង ។

បើតាមឯកឧត្តម ហាប់ ទូច, រាជរដ្ឋាភិបាល នឹងប្រារព្ធកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅកោះពេជ្រ ។

ឯកឧត្តម បន្តថា «ទិវាវប្បធម៌ជាតិ» លើកទី២៦ ធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់ ក្នុងនោះ មានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូប។ មន្ត្រីរូបនេះ បានពន្យល់ថា «ទិវាវប្បធម៌ជាតិ» មិនអាចធ្វើនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយសារចំថ្ងៃអាទិត្យ ។

លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានមានប្រសាសន៍ដែរថា សន្ទុះនៃការចូលរួមក្នុងវិស័យវប្បធម៌របស់យុវជន មានការចូលរួមច្រើន ដោយសារតែក្រសួងវប្បធម៌ បង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញពួកគាត់។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចុះហត្ថលេខាចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបានណែនាំក្រសួង ស្ថាប័នរបស់រដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិចាប់ពីខែមីនា ដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ។

សម្តេចធិបតី បានគូសរំលេចថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner