រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា វេទិកាសង្គមស៊ីវិលជាមួយអ្នកពាក់ព័ន្ធក្នុងខេត្តមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍនៅកម្ពុជាប្រកបដោយចីរភាព
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានបញ្ជាក់ថា “ការរៀបចំវេទិការពិគ្រោះយោបល់ រវាងអង្គការសង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាល គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យមានការីកចម្រើនប្រកបដោយចីរភាព” ។ មានប្រសាសន៍បែបនេះ នៅក្នុងវេទិកាសន្ទនារវាងវេទិការសម្ព័ន្ឋសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង នៅសណ្ឋាគារ សំរោងសែន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរូមពីអង្គការសង្គមស៊ីវិល មន្ត្រីរាជការ ជាច្រើនរូបទៀត ។
ឯកឧត្តមបានបន្តថា កិច្ចពិភាក្សាថ្ងៃនេះគឺ ក្រោមប្រធានបទ«ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព» គឺមានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយភាពក្រីក្រ សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣០។ ការបង្កើតវេទិកា សន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព សហគមន៍នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ពិភាក្សានូវរាល់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ប្រមូលផ្តុំមតិយោបល់តាមវិធីសាស្ត្រស្រាវជ្រាវ និងការពិគ្រោះពិភាក្សាជាមួយក្រុមអង្គការ សមាគម សហជីព សហគមន៍ ដើម្បីប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ។
ក្នុងកិច្ចពិភាក្សារយៈពេលពេញ១ព្រឹកនេះ អ្នកពាក់ព័ន្ធទាំងអស់បានផ្លាស់ប្តូរ ប្រឹក្សា ដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក យ៉ាងសកម្ម ដោយបានលើកឡើងនូវបញ្ហាប្រឈមនានា នៅក្នុងអង្គការ សមាគម សហគមន៍ និងសហជីព របស់ខ្លួន ដាក់ជូនអង្គវេទិកា បានជួយដោះស្រាយ ផ្តល់នូវបទពិសោធន៍ដោយទទួលបាននូវលទ្ធផលយ៉ាងល្អ ប្រសើរ។
នៅក្នុងការពិភាក្សានេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានចូលរួមដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងភាពអសកម្មរបស់អាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនតូច ដែលមិនបានដោះស្រាយ ឬចំណាត់ការ បង្ក្រាបបទល្មើសនានាឲ្យបានទាន់ពេលវេលា។ គួររំឮកដែរថា នៅក្នុងវេទិកានេះ គេសង្កេតឃើញ បញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ មានដូចជាសហគមន៍នេសាទនៅតាមដងទន្លេ ការកង្វះខាតទឹកស្អាត ប្រព័ន្ធប្រឡាយស្រោចស្រព បញ្ហាបទល្មើសនេសាទ បទល្មើសកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់ត្រីពងកូនជាដើម៕ ដោយៈ សុក្ខារិន