គ.ជ.ប ទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើស “ក្រុមប្រឹក្សា” អាណត្តិទី៤

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់គណបក្សនយោបាយ ចំនួន០១ គឺគណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែមីនានេះថា នៅថ្ងៃទី១១ ខែមីនា នេះ គ.ជ.ប ទើបតែទទួលស្គាល់ជាផ្លូវការ គណបក្សចំនួន ០១ ទេ គឺគណបក្សប្រជាជនកម្ពុជា។ ដោយឡែកគណបក្សនយោបាយ ចំនួន០៤ ផ្សេងទៀត កំពុងតែបំពេញឯកសារខ្វះខាត និងចំណុចខ្វះចន្លោះ។ គ.ជ.ប រង់ចាំមើលថា តើរយៈពេល៥ថ្ងៃ គណបក្សនយោបាយទាំង៤ បំពេញឯកសារគ្រប់ ឬមិនគ្រប់យ៉ាងណា?។

សូមជម្រាបថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ គឺមានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សា” អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕
ដោយ៖ពលជ័យ

ads banner