ស្រ្ដី និងបុរស មានសិទ្ធិ និងឱកាសស្មើគ្នា ក្នុងការទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក

ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់ស្រ្ដី និងបុរស ក្នុងការទទួលបានសិទ្ធិ និងឱកាសដូចគ្នា ក្នុងការទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ក្នុងនោះស្រ្ដីបានជួយចែករំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិ។

ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសារទរ ខួបលើកទី១៣ ទិវារអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្ដី និងក្មេងស្រី ក្នុងបរិវត្ថុកម្មឌីជីថល» រៀបចំឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ការចូលរួមរបស់ស្រ្ដីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្រ្ដីមានប្រាជ្ញា ស្មារតី តស៊ូអត់ធ្មត់ ដើម្បីរក្សាសុខសន្ដិភាព អភិវឌ្ឍន៍ គ្រប់កាលៈទេសៈ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមានយុទ្ធសាស្រ្ដ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការចូលរួមសកម្មភាពផ្សេងៗ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា តែងតែសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីគាំទ្របង្កើតកម្មវិធីជាច្រើន ដើម្បីលើកកម្ពស់ស្រ្ដី ព្រមទាំងរួមចំណែកជំរុញបរិយាប័ន្នហិរញ្ញវត្ថុកម្ពុជា។ យុទ្ធសាស្រ្ដីជាតិស្ដីពី បរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ក្នុងនោះមានការលើកកម្ពស់ស្រ្ដី លើភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឲ្យប្រើប្រាស់ សេវាហិរញ្ញវត្ថុឌីជីថលជាដើម។

លោកជំទាវបណ្ឌិត ជា សិរី បានបន្ដថា «គិតត្រឹមខែមករា ឆ្នាំ២០២៤ ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ មានប្រមាណ៦០ភាគរយជាស្រ្ដី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ៦៥ភាគជាស្រ្ដី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើគ្រឹះស្ថានធនាគារ មានប្រមាណ ៤៥ភាគរយជាស្រ្ដី និងចំនួនអ្នកដាក់ប្រាក់បញ្ញើ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៦៨ភាគរយជាស្រ្ដី ទាំងនេះបង្ហាញពីសមាមាត្រ ដែលស្រ្ដីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស» ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner