ប.ស.ស. បង្ហាញពីទិសដៅអនុវត្តការងារសំខាន់ៗ ក្នុងឆ្នាំ២០២៤ ពិសេស បន្តពង្រឹង បង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ

ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស.) បានលើកបង្ហាញពីទិសដៅអនុវត្ត បន្តរបស់ខ្លួនក្នុងឆ្នាំ២០២៤ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការគាំពារសុខុមាល ភាព ពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជានៅ ទូទាំងប្រទេស។

បើតាមឯកឧត្តមសម្រាប់ឆ្នាំ២០២៤នេះ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយអំពីរបប ថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួល ចុះបញ្ជីចល័តនៅតាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវា មូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។

ឯកឧត្តមបានគូសបញ្ជាក់ថា អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាល បេឡាជាតិសន្តិ សុខសង្គម នៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបេសកកម្ម ដើម្បីធានាការ អនុវត្តរបបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់ សុខុមាល ភាព និងជីវភាពប្រជាពលរដ្ឋ ប.ស.ស. នឹងបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខ សង្គម ដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុក និងចូលរួមអនុវត្តគោលនយោបាយវិស័យ សេដ្ឋកិច្ច ក្រៅប្រព័ន្ធ តាមរយៈកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ទី១ការពង្រីកវិសាលភាពនៃការ អនុវត្តរបបសន្តិសុខសង្គម ទី២ ការពង្រឹងគុណភាព និងសមត្ថភាពផ្ដល់សេវា ទី៣ ការ លើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ ទី៤ ការធានានិរន្តរភាពមូលនិធិ សន្តិសុខ សង្គម ព្រមទាំងទី៥ ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន។

ឯកឧត្តមលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ  បេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការផ្សព្វផ្សាយតាម បណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និង ទីប្រជុំ ជនយ៉ាងសកម្មផងដែរ ធ្វើយ៉ាងណាផ្តល់ព័ត៌មានអំពី ប.ស.ស.ទៅដល់មូលដ្ឋានពលរដ្ឋ ដែលកំពុងរស់នៅ ៕

ដោយ ៖ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner