កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងកម្ពុជា និងរវ៉ាន់ដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៥មក។
ក្នុងឱកាសនៃកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការជឿជាក់ផងដែរថា ក្នុងអំឡុងពេលលោក Nkubito Manzi Bakuramutsa ជាឯកអគ្គរដ្ឋទូត រវ៉ាន់ដាប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តលើកកម្ពស់ និងជំរុញថែមទៀត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពិចារណាផងដែរក្នុងការបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស