កម្ពុជា-សហភាពអឺរ៉ុបប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សា ទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ លោកជំទាវ Jutta Urpilainen ធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ Jutta Urpilainen បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្តែងការអបអរសាទរចំពោះសហភាពអឺរ៉ុប ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ ពីថ្ងៃទី១ ដល់ ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ Jutta Urpilainen បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សា ទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តសភាពការណ៍នយោបាយនៅកម្ពុជា ក៏ដូចជាប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស