ព្រឹកនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បិទកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនា ឆ្នាំ ២០២៤ នៅសាល សន្និសីទសណ្ឋាគារសុខាភ្នំពេញ ។
កិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បានបើក ដំណើរ ការនៅថ្ងៃទី១៣ ខែមីនា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ហើយបានបញ្ចប់ទៅ ដោយ រលូន និងប្រកបដោយលទ្ធផលផ្លែផ្កា។ តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំ បានធ្វើការរាយការណ៍អំពីរបាយការណ៍សង្ខេប នៃសកម្មភាព ស.ស.យ.ក. ដែលសម្រេចបាន នារយៈកាល កន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុល ពីសំណាក់ សមាជិក សមាជិកានៃអង្គប្រជុំ ។
នៅក្នុងបទអន្តរាគមន៍នាឱកាសនោះ អង្គប្រជុំ បានពិភាក្សា និ ងផ្តល់ ជាមតិយោបល់ ដើម្បីជាធាតុចូលលើការបណ្តុះបណ្តាល សមត្ថភាពយុវជន និងការលើកកម្ពស់ការអប់រំសមត្ថភាព យុវជន ឱ្យ ស្របតាមបរិវត្តកម្មឌីជីថល, ការរៀបចំឱ្យ មានការ ធ្វើ កាតសមាជិកភាព ឱ្យ បានឆាប់រហ័សដើម្បីមានលទ្ធភាព ក្នុងការ ពង្រឹង និងពង្រីកសមាជិកភាព ការចូលរួមបណ្ដុះមនសិការជា ពល រដ្ឋល្អ នៅក្នុងស្រទាប់យុវជន ការលើកតម្កើង និងការបង្ហាញ កិត្យានុភាពស.ស.យ.ក. តាមរយៈកម្មវិធីព្រឹត្តការណ៍នានា និង ការ បញ្ជ្រាបពីបុព្វហេតុ ស.ស.យ.ក. ឱ្យបានទូលំទូលាយ ទៅដល់ សាធារណជន ជាពិសេសស្រទាប់យុវជនដែលជាកម្លាំង ដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
ទន្ទឹមនឹងនេះ បន្ទាប់ពីបទអន្តរាគមន៍ពីសំណាក់សមាជិក សមាជិកា រួចមក គណៈកម្មាធិការស.ស.យ.ក. បានរៀប ចំបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែមសមាជិកសមាជិកគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ដើម្បីឆ្លើយតបទៅនឹងការរីកលូតលាស់ និងការវិវត្តឆ្ពោះ ទៅមុខ របស់ស.ស.យ.ក.។
ការបោះឆ្នោត ត្រូវបានបែងចែកជា ២ ដំណាក់កាល។ ដំណាក់កាលទី១ គឺជាការបោះឆ្នោតជ្រើស រើសសមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក. ចំនួន ១១៣ រូប ដោយឡែកដំណាក់ទី២ គឺជាការបោះឆ្នោតជ្រើសតាំង អនុប្រធាន ១ រូប និង សមាជិកគណៈអចិន្ត្រៃយិ៍នៃគណៈ កម្មាធិការ កណ្តាលចំនួន ៥ រូប។ ក្នុងនោះ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនទូទាំងប្រទេស បានអបអរសាទរ ឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្រ្តៃយ៍ ដែលត្រូវបាន គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បោះឆ្នោតជ្រើសតាំង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ៕
ដោយៈវណ្ណលុក