Volkswagen ចែកចាយរថយន្តចំនួន ៩.២លានគ្រឿងក្នុងឆ្នាំ២០២៣
ប៊ែរឡាំង៖ ក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃពុធ បានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដោយសារតែសន្ទុះនៃការលក់រថយន្តកើនឡើងខ្ពស់។
ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់មួយនេះ ទទួលបានប្រាក់ចំណេញសុទ្ធកើនឡើង ១៣.១ភាគរយ ដល់ ១៧.៩ពាន់លានអឺរ៉ូ ឬប្រហែល១៩.៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ការលក់បានកើនឡើងច្រើនជាង ១៥ភាគរយ ដល់ ៣២២.៣ពាន់លានអឺរ៉ូ ឬប្រមាណ៣៥២.២ពាន់លានដុល្លារ។
ជារួម ក្រុមហ៊ុន Volkswagen បានចែកចាយរថយន្តប្រហែល ៩.២លានគ្រឿងដល់អតិថិជនក្នុងឆ្នាំ២០២៣ តួលេខនេះកើនឡើងចំនួន ១២ភាគរយ។ នេះគឺជាការចែកចាយរថយន្តកើនឡើងលើកដំបូង បន្ទាប់ពីបានធ្លាក់ចុះរយៈពេលបីឆ្នាំជាប់ៗគ្នា ក្រោយផលិតកម្មរបស់ Volkswagen ត្រូវរំខានដោយសារកង្វះធាតុផ្សំសំខាន់ៗ ចំពេលមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។
ទោះបីជាយ៉ាងណា ការលក់រថយន្តរបស់ក្រុមហ៊ុន Volkswagen បានកើនឡើងចំនួន ២០ភាគរយនៅអឺរ៉ុប និងក្នុងតំបន់អាមេរិកខាងជើងចំនួន ១៨ភាគរយ។ ចំណែកនៅក្នុងទីផ្សារប្រទេសចិន ការលក់ក៏បានកើនឡើងផងដែរ ប៉ុន្តែក្នុងអត្រាតិចតួចប៉ុណ្ណោះ មានចំនួន ១.៦ភាគរយ។ កំណើននេះមានភាពយឺតយ៉ាវជាងឆ្នាំមុន ដោយវាបានសបញ្ជាក់ថា ក្រុមហ៊ុន Volkswagen កំពុងបាត់បង់មូលដ្ឋាននៅក្នុងទីផ្សារដ៏សំខាន់បំផុតរបស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់នេះរំពឹងថា ការចែកចាយរថយន្តរបស់ខ្លួន នឹងកើនឡើងនៅឆ្នាំ២០២៤ ប៉ុន្តែមានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ ដោយសារតែការប្រកួតប្រជែងជាអន្តរជាតិកាន់តែតឹងតែង និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសជម្លោះភូមិសាស្ត្រនយោបាយ មានដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នានៅមជ្ឈិមបូព៌ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា