ពិរណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ រយៈពេល ៣ថ្ងៃមានអ្នកចូលរួមទស្សនាសរុបជាង ១ម៉ឺននាក់
(ភ្នំពេញ)៖ ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៍កោះពេជ្រ មានអ្នកចូលរួមសរុបចំនួន ១០៦០៩នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រះសង្ឃ សិស្សនិស្សិត មន្ត្រីរាជការបុគ្គលិកវិស័យឯកជន ព្រមទាំងសាស្ត្រាចារ្យ អ្នកជំនាញបច្ចេកវិទ្យាផងដែរ ។
ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ មានក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ទូរគមនាគមន៍ អប់រំបណ្តុះបណ្តាល ក្នុងប្រទេស និងអន្តរជាតិចំនួន ១១៩ បានចូលរួមរៀបចំដាក់តាំងបង្ហាញអំពីការងារ សមិទ្ធផល និងផលិតផលរបស់ខ្លួនជូនអង្គវេទិកា និងសាធារណជនទស្សនានិងសិក្សាស្វែងយល់ ។
ក្នុងពិធីបិទវេទិការដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា មានប្រសាសន៍ថា សមាជិក-សមាជិកានៃអង្គពិធីដែលអញ្ជើញមកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា និងដៃគូពាក់ព័ន្ធបានស្តាប់និងចូលរួមក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ ប្រកបដោយស្មារតីបើកចំហរវាងថ្នាក់ដឹកនាំ អ្នកជំនាញបច្ចេកទេស និងអ្នករៀបចំ គោលនយោបាយមកពីស្ថាប័នជាតិនិងអន្តរជាតិជាច្រើន។
វេទិកាដែលមានកិច្ចពិភាក្សាកម្រិតខ្ពស់ ១ និងកិច្ចពិភាក្សាតាមប្រធានបទចំនួន៧ មានវាគ្មិននិងអ្នកសម្របសម្រួលចូលរួមសរុបប្រមាណ ៥០រូប ដែលក្នុងនោះ ២០រូបជាវាគ្មិនអន្តរជាតិ ហើយបានគ្របដណ្តប់យ៉ាងទូលំទូលាយលើទិដ្ឋភាពជាច្រើន រួមបញ្ចូលទាំងគោលនយោបាយ បច្ចេកទេស បរិយាបន្នកម្ម ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស ព្រមទាំងការផលិតមាតិកា។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួង ស្ថាប័ននានាពិតជាបានទទួលចំណេះដឹងថ្មីៗ និងបានរៀនសូត្រពីបទពិសោធរបស់បណ្តាប្រទេសជាមិត្តមកពីប្រទេសអាស៊ាននិងប្រទេស ក្នុងតំបន់។ ទន្ទឹមនេះ កម្ពុជា ក៏បានចែករំលែកពីបទពិសោធនៃបរិវត្តកម្មឌីជីថលក្នុងបរិបទរបស់ខ្លួន ជូនមិត្តអន្តរជាតិផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តី គូសបញ្ជាក់ថា លទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងជួយឱ្យដំណើរ បរិវត្តកម្មឌីជីថលនៅកម្ពុជានិងនៅតាមបណ្តាប្រទេសកាន់តែរលូននិងមានសន្ទុះទៅមុខ។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានលើកឡើងនៅក្នុងលទ្ធផលបូកសរុបនៃការរៀបចំវេទិការរដ្ឋាភិបាលឌីជីថលថា វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum “DGF”) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានរៀបចំ ឡើងជាលើកទី១ក្រោមការចង្អុលបង្ហាញក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ។
វេទិការដ្ឋាភិបាលឌីជីថលនេះដែរក៏បានរៀបចំកម្មវិធីចំនួន ៤ ដែលក្នុងនោះមាន៖ កម្មវិធីសម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជល កម្ពុជា-កូរ៉េ», កម្មវិធីពិភាក្សាកម្រិតខ្ពស់ថ្នាក់រដ្ឋមន្រ្តីក្រោមប្រធានបទ «ការចែករំលែកចំណេះដឹងក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល៖គោលនយោបាយ និងការអនុវត្តន» , កិច្ចពិភាក្សាលើប្រធានបទទី២ គឺ ឃ្នាស់បច្ចេកវិទ្យាក្នុងការជំរុញល្បឿនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល(ថ្នាល និងសេវារដ្ឋាភិបាលឌីជីថល), កិច្ចពិភាក្សាលើប្រធានបទទី៣គឺ ការសម្របខ្លួនដើម្បីអនុវត្តគោលនយោបាយ ការពិនិត្យមើលភាពខុសគ្នារវាងការរៀបចំផែនការ និងការអនុវត្តជាក់ស្តែងក្នុងការធ្វើបរិវត្តកម្មឌីជីថល ,និងប្រធានបទទី៤គឺ ការកសាងមូលដ្ឋាន និងទំនុកចិត្តរដ្ឋាភិបាលឌីជីថល ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា