គ្រូបង្រៀន និងសិស្សបង្ហាញពីការយល់ដឹងផលប៉ះពាល់កើតចេញពីប្លាស្ទិក និង ប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
(ខេត្តព្រៃវែង)៖ ផ្តើមចេញពីការយល់ដឹងកាន់តែជ្រួតជ្រាបផលប៉ះពាល់កើតចេញពីប្លាស្ទិក បានជំរុញធ្វើឱ្យគ្រូបង្រៀន និងសិស្សានុសិស្សកាន់តែច្រើនឡើង ពិសេសក្នុងសាលាបឋមសិក្សាសម្តេចតេជោហ៊ុនសែនព្រៃវែងក្រុង ស្ថិតនៅក្រុង ព្រៃវែង ខេត្ត ព្រៃវែង បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់បា្លស្ទិក ទាំងនៅតាមសាលារៀន និង ផ្ទះសម្បែង បន្តទៀត។

តាមរយៈការរួបរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ សិស្សានុសិស្ស រួមទាំង លោកគ្រូ អ្នកគ្រូ ម្នាក់ៗសុទ្ធតែបង្ហាញការតាំងចិត្តខ្ពស់ ហើយរួមគ្នាងាកមកប្រើប្រាស់ក្នុងការប្រើប្រាស់សម្ភារៈធម្មជាតិជំនួសវិញក្នុងនោះដូចជាស្លឹកចេក ស្លឹកឈូក បំពង់ឬស្សី …ដែលរបស់ទាំងអស់នេះមិនបង្កការប៉ះពាល់ដល់បរិស្ថាន។

កុមារី ធីណា ភក្តី មរកត បានបង្ហាញពីកាយល់ដឹងផលប៉ះពាល់កើតចេញពីប្លាស្ទិក ហើយបានប្តេជ្ញាចិត្តមិនប្រើប្រាស់ប្លាស្ទិកថាការប្រើប្រាស់បា្លស្ទិក មិនត្រឹម បង្កការប៉ះពាល់ដល់បរិស្ថានជុំវិញខ្លួនយើងរស់នៅទេ តែប្លាស្ទិកក៏បានបង្កការប៉ះពាល់ផងដែរដល់បរិយាកាសភពផែនដីយើង។

ជាមួយគ្នានេះកុមារី ណាណា កា បានប្រាប់ថា”ខ្ញុំបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយបា្លស្ទិកនេះគឺដើម្បីបរិស្ថានក្នុងសាលារៀន នៅតាមផ្ទះសម្បែង និងប្រទេសរបស់ខ្ញុំ ពីព្រោះថាថង់បា្លស្ទិកវាបង្កការប៉ះពាល់ដល់សុខភាពមនុស្សសត្វ។វាបង្កផលប៉ះពាល់ទាំងរយៈពេលខ្លី និង វែងផង”។
លើកឡើងស្រដៀងគ្នា កុមារា វណ្ណា រ៉ាសត្យា និងកុមារា យីសំណាង ពិសី បានឱ្យដឹងថាកុមារគ្រប់គ្នាត្រូវចូលរួមកាត់បន្ថយប្លាស្ទិកពីព្រោះថាវានឹងបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយើងគ្រប់គ្នា។យើងម្នាក់ៗត្រូវប្រើប្រាស់សម្ភារៈផ្សេងៗជំនួសប្លាស្ទិកវិញ។ត្រូវធ្វើឱ្យបានគ្រប់គ្នាទាំងនៅសាលារៀន ក៏ដូចជានៅតាមផ្ទះសម្បែង។

កុមារា យន់មង្គល បុត្រ និងកុមារី ណាំណារ៉ា ចូលី បានឱ្យដឹងថាបើនិយាយដល់បា្លស្ទិកវាបានផ្តល់ផលប្រយោជន៍តិចតួចពោលគឺសម្រាប់តែការប្រើប្រាស់ តែផ្ទូយមកវិញវាបានជះផលអាក្រក់ខ្លាំងក្លា ដល់យើងវិញយូរអង្វែង។អញ្ចឹងពិតណាស់យើងត្រូវតែបញ្ឈប់ការប្រើប្រាស់វាឬកាត់បន្ថយប្រើប្រាស់ឱ្យតិចបំផុត។ក្រៅពីនេះបា្លស្ទិក៏បានបង្កការប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងពិសេសការបង្កប៉ះពាល់ដល់សុខភាពយើងគ្រប់គ្នាតែម្តង។
ដោយឡែក ទាក់ទិនទៅនឹងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ លោក ទួន សុវណ្ណារ៉ា គ្រូបង្រៀននៅសាលាបឋមសិក្សាសម្តេចតេជោហ៊ុនសែនព្រៃវែងក្រុង បានសំណូមពរដល់សិស្សានុសិស្ស និងក៏ដូចជាឪពុកម្តាយត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ ម្នាក់ៗត្រូវធ្វើយ៉ាងណាចូលរួម និងត្រូវចេះជ្រើសរើសប្រើសម្ភារៈដែលមិនបង្កការប៉ះពាល់ដល់បរិស្ថាន។ត្រូវចូលរួមទាំងអស់គ្នាទើបសង្គមយើងស្អាត និងប្រកបដោយអនាម័យ។

ជាមួយគ្នានេះអ្នកគ្រូ ពត សីហា បានឱ្យដឹងថា ៖ ជម្រើសដ៏ល្អសម្រាប់កាត់បន្ថយបា្លស្ទិកចាំបាច់យើងត្រូវចូលរួមទាំងអស់គ្នា ។ ការចូលរួមកាត់បន្ថយប្លាស្ទិកមិនត្រឹមផ្តល់ផលប្រយោជន៍សម្រាប់យើងក្នុងជំនាន់នេះទេ តែវានឹងផ្តល់ផលប្រយោជន៍រយៈពេលវែងដល់ប្រទេសជាតិយើងផង។
លោក ឡេង ហេង នាយកសាលាបឋមសិក្សាសម្តេចតេជោហ៊ុនសែនព្រៃវែងក្រុង បានឱ្យដឹងថា៖ក្នុងការអនុវត្តយុទ្ធនាការកាត់បន្ថយបា្លស្ទិកតាមសាលារៀនឃើញថាសិស្សជាច្រើនបានយល់ជ្រួតជ្រាបកាន់តែច្បាស់គ្រោះថ្នាក់កើតចេញពីការប្រើប្រាស់ប្លាស្ទិក ។ សិស្សខ្លះបានបញ្ឈប់ការប្រើប្រាស់បា្លស្ទិក ហើយពួកគេងាកមកប្រើប្រាស់សំភារៈធម្មជាតិមិនបង្កការប៉ះពាល់ដល់បរិស្ថានដូចជាកែវទឹកធ្វើពីអាលុយមីញ៉ូម ថង់ធ្វើពីក្រដាស ស្លឹកចេក ស្លឹកឈូកជំនួសថង់ប្លាស្ទិកជាដើម ។ វាជាមោទកភាពដែលសិស្សានុសិស្សបានយល់ជ្រួតជ្រាបបញ្ហានេះ និងបានចូលរួមគ្រប់គ្នា ។
ដោយឡែក លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តព្រៃវែងបានឱ្យដឹងថា មន្ទីរអប់រំបានសម្រេចសហការជាមមន្ទីរបរិស្ថាន និងពិសេសការអនុត្តអនុស្សារណៈយោគយល់គ្នារវាងរដ្ឋបាលខេត្ត ជាមួយក្រសួងបរិស្ថាន ។
ខេត្តព្រៃវែងចាប់ផ្តើមផ្សព្វផ្សាយ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» ព្រមគ្នានៅគ្រប់គ្រឹះស្ថានសិក្សា។ បន្ទាប់មក យើងបន្តជំរុញឱ្យសិស្សានុសិស្សចាប់ផ្តើមអនុវត្តពីការមិនប្រើប្រាស់ថង់ប្លាស្ទិកមួយថ្ងៃ ក្នុងមួយសប្តាហ៍រហូតដល់ថ្នាក់រៀនមិនប្រើប្រាស់តែម្តង។
គួរបញ្ជាក់ថាគិតមកដល់ពេលនេះយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅទូទាំងខេត្ពព្រៃវែងនទទួលជោគជ័យ ១០០ភាគរយ ដោយសម្រេចបានលើសាលារៀនទូទាំងខេត្តទាំង ៦៧៥សាលា ដោយក្នុងនេះសាលាបឋមសិក្សា ៥៥០ អនុវិទ្យាល័យ ៩២និងវិទ្យាល័យចំនួន ៣៣ ដោយក្នុងនោះសិស្សានុសិស្សសរុប ២២៥៨៩០នាក់ និងប្រជាពលរដ្ឋចូលរួមរួមសរុប ២៣៧៨៩៧នាក់ ឬ ស្មើ ១៩ភាគរយនៃប្រជាជនសរុបទូទាំងខេត្ត ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ ចំរ៉ុង